ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច ៣៣នាក់ បានរងរបួស ពេលដែលរុស្ស៊ីវាយប្រហារដោយគ្រាប់បែកលើសង្កាត់រស់នៅអ្នកស្រុកនៅទីក្រុងធំបំផុតទី ២ Kharkiv របស់ប្រទេសអ៊ុយក្រែន ។
អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា នៅក្នុងចំណោមមនុស្សរងរបួសជាង ៣០នាក់ រួមមានក្មេងអាយុ ១០ឆ្នាំ ១៧ឆ្នាំ និងទារកអាយុ ២៨ថ្ងៃ នៅក្នុងការវាយប្រហារដោយគ្រាប់បែកចំនួន ២គ្រាប់ ដែលបានធ្វើឲ្យខូចខាតអគារធុរកិច្ចស៊ីវិល អគារផ្ទះល្វែង និងរថយន្តនៅស្រុកភាគខាងជើង ។
សំណុំផ្សែងយ៉ាងក្រាស់ បានហុយចេញពីទីតាំងវាយប្រហារ ជាទីដែលអ្នកស្រុកនាំគ្នារត់ភៀសខ្លួនទាំងព្រលឹងចុងសក់ មានទាំងអ្នកពរកូន ហើយអណ្តាតភ្លើង បានឆាបឆេះរថយន្តចតចោល ។
រុស្ស៊ីដែលបានច្រានចោលគោលដៅលើជនស៊ីវិលនោះ បានបង្កើនការវាយប្រហារតាមច្រកអាកាសរបស់ខ្លួនលើទីក្រុងតូច-ធំរបស់អ៊ុយក្រែន នៅពីក្រោយខ្សែត្រៀមមុខ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ចាប់តាំងពីកិច្ចប្រជុំសន្តិភាពបានជាប់គាំងនៅដើមឆ្នាំនេះ ។
ទីក្រុង Kharkiv ស្ថិតនៅតំបន់ភាគឦសានអ៊ុយក្រែន ជិតព្រំដែនរុស្ស៊ី បានក្លាយជាគោលដៅវាយប្រហារញឹកញាប់ ចាប់តាំងពីទាហានរុស្ស៊ី ដកថយចេញពីតំបន់ជាយក្រុងរបស់ខ្លួនកាលពីឆ្នាំ ២០២២ ៕