ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះថា មនុស្សយ៉ាងហោចណាស់ ២នាក់ បានបាត់បង់ជីវិត និងយ៉ាងតិច ៧០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះ នៅឯជនបទនៃទីក្រុង Idlib ភាគពាយព្យប្រទេសស៊ីរី។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X លោក Raed Al-Sale រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ និងគ្រប់គ្រងគ្រោះមហន្តរាយរបស់ស៊ីរី បានឲ្យដឹងថា ក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលមានការផ្ទុះដោយមិនដឹងមូលហេតុ ក្នុងទីក្រុង Maarrat Misrin នៅជនបទភាគខាងជើងនៃទីក្រុង Idlib។
លោកបានឲ្យដឹងទៀតថា ក្រុមសង្គ្រោះកំពុងអនុវត្តប្រតិបត្តិការជម្លៀស និងជួយសង្គ្រោះ បើទោះបីជាមានការផ្ទុះជាបន្តបន្ទាប់ដែលជាឧបសគ្គដល់ការឆ្លើយតបក៏ដោយ។
លោកបានបន្ថែមថា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ចុងក្រោយនៃចំនួនអ្នកស្លាប់ និងរបួសនោះទេ ដោយលោកបានជំរុញឲ្យអ្នកស្រុកជៀសវាងពីទីតាំងនោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលក្រុមសង្គ្រោះបន្តធ្វើការក្រោមស្ថានភាពគ្រោះថ្នាក់ និងស្មុគស្មាញ៕