កណ្ដាល ៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តកណ្តាល បានរកឃើញគ្រឿងកំប៉ុងហួសសុពលភាព និងមានសភាពខូចទ្រង់ទ្រាយដើម នៅក្នុងផ្សារព្រែកអញ្ចាញ និងផ្សារការកោងដោយបានដកហូត បឺរកំប៉ុង ចំនួន២ឡូហួសកាលបរិច្ឆេទ និងគ្រឿងកំប៉ុងមួយចំនួនទៀត ដែលមានសភាពខួចទ្រង់ទ្រាយដើម។
លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូល ខេត្តកណ្តាល បានលើកឡើងនៅក្នុងកិច្ចសហការ រួមជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារបានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចរាចរ ក្នុងផ្សារព្រែកអញ្ចាញ និងផ្សាររការកោង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងមកថា ក្រុមការងាររបស់សាខាកាំកុងត្រូល តែងតែចុះជាប្រចាំតាមបណ្តា ផ្សារនានាទូទាំងខេត្ត ដោយអនុលោមតាមច្បាប់ និងអនុក្រឹត្យ ស្តីពីច្បាប់គ្រប់គ្រងសុខភាព សុវត្ថិភាព ចំណីអាហារ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យ ទំនិញចម្រុះនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ច។
លោក បន្តថា ចុះពិនិត្យគុណភាពទំនិញក្នុងផ្សារព្រែកអញ្ចាញ និងផ្សាររការកោងនៅពេលនេះ គឺសំដៅពង្រឹងសុវត្ថិភាព គុណភាពលើម្ហូប និងចំណីអាហារឲ្យកាន់តែប្រសើរ ព្រោះបញ្ហាម្ហូបអាហារមានតម្រូវការជាប្រចាំ សម្រាប់ការហូបចុករបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
លោក បន្តថា នៅក្នុងការពិនិត្យគុណភាពនេះ ក្រុមមន្ត្រីជំនាញបានផ្តោតសំខាន់ទៅលើ អាហារកំប៉ុង និងផលិតផលផ្សេងៗ ដែលមានសភាពខួចគុណភាព កំពៀចកំប៉ោង និងហួសកាលបរិច្ឆេទ ដែល កំពុងចរាចរណ៍នៅលើទីផ្សារ ក្នុងគោលបំណងធានាឲ្យបាននូវសុវត្ថិភាពចំណីអាហារ សំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដោយមិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
លោក បន្តថា ដើម្បីជំរុញការផ្គត់ផ្គង់ចំណីអាហារ នៅតាមទីផ្សារមានគុណភាព លោក អ៊ូ ម៉ានូរិន បានក្រើនរំលឹកដល់អាជីវករទាំងអស់ ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាព មានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់ នាំអោយប៉ះពាល់ដល់សុខភាពកើតជំងឺផ្សេងៗ ដែលជាដើមហេតុធ្វើឲ្យប្រជាជនត្រូវចំណាយថវិកាមួយផ្នែកផ្សេងទៀត ក្នុងការព្យាបាលជំងឺដែលបង្កឡើង ដោយចំណីមិនមានសុវត្ថិភាពនេះ៕
