ល្បុក្កតោ៖ ភាពយន្ដខ្មែរ-កាណាដា «ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ឬ Surviving Bokator» ដែលជាភាពយន្ដបែបឯកសារកីឡា បានបន្ដឈ្នះពានរង្វាន់ថ្មីមួយទៀតហើយនៅក្នុងកម្មវិធី BKK DOC (Bangkok) International Documentary Awards 2021 គឺពានរង្វាន់ឯកសារកីឡាល្អបំផុត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

លោក អ៊ូ តារា បានឲ្យដឹងថា ភាពយន្ដ Surviving Bokator នេះត្រូវបានបញ្ជូនចូលរួមប្រកួតក្នុងមហោស្របភាពយន្ដឆ្នាំ២០២១ ក្នុងកម្មវិធី BKK DOC (Bangkok) International Documentary Awards កាលចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ហើយបានទទួលការគាំទ្រពីទស្សនិកជន និងអ្នកសរសេរកម្មវិធីក្នុងព្រឹត្តិការណ៍នេះ រហូតទទួលបានពានរង្វាន់ឯកសារកីឡាល្អបំផុតតែម្ដង។ គួរដឹងថា ភាពយន្ដឯកសារនេះគឺជាសាច់រឿងបង្ហាញពីការរស់ឡើងវិញនៃក្បាច់គុនបុរាណខ្មែរគឺគុនល្បុក្កតោ ដែលមានការចូលរួមពីព្រឹទ្ធចារ្យគុនល្បុក្កតោ សាន គឹមស៊ាន, តារាភាពយន្ដ សំ ថារ័ត្ត និងគ្រូជម្រើសជាតិលោក អ៊ឹង ដារិទ្ធ និងកីឡាករ-កីឡាការិនីជាច្រើនរូបទៀត ក្នុងនោះក៏បានរំលេចនូវការដណ្ដើមបានមេដាយប្រាក់ពិភពលោក ក្នុងការប្រកួតយុទ្ធគុនចម្រុះនៅសាធារណៈរដ្ឋកូរ៉េផងដែរ។ ក្រោយចំណាយពេលថតជាង ៥ឆ្នាំ ក្រោមការដឹកនាំរបស់ផលិតករជនជាតិកាណាដាលោក Mark Bochsler ភាពយន្ដ Surviving Bokator បានទទួលស្គាល់ពីមហោស្របភាពយន្ដកីឡាដ៏ចំណាស់ជាងគេលើលោកក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសអ៊ីតាលី ហើយលោក Bochsler បានបន្ដនាំយកភាពយន្ដឯកសារកីឡាក្បាច់គុនបុរាណខ្មែរនេះ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី និងមហោភាពយន្ដអន្ដរជាតិជាច្រើន។
លោក អ៊ូ តារា បានបញ្ជាក់ថា រហូតមកទល់ពេលនេះភាពយន្ដ Surviving Bokator បានឈ្នះពានរង្វាន់ជាង ២០ពានរង្វាន់ទូទាំងពិភពលោក។ សមិទ្ធផលនេះត្រូវបានសហព័ន្ធចាត់ទុកជាកិត្តិយសមួយ សម្រាប់ភាពយន្ដឯកសារស្ដីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពាំនាំយកនូវប្រភេទកីឡាអត្តសញ្ញាណជាតិមួយ ទៅបង្ហាញលើឆាកអន្ដរជាតិបន្ទាប់ពីការគំរាមកំហែងក្នុងសម័យប៉ុលពតកាលពីជាង ៤០ឆ្នាំមុន។ លោកថា បន្ទាប់ពីដំណើរផ្សព្វផ្សាយដ៏ទូលំទូលាយនៅក្រៅប្រទេស ភាពយន្ដ Surviving Bokator គ្រោងនឹងត្រលប់មកកម្ពុជាវិញឆ្នាំ២០២២ នេះ ក្រោយជំងឺរាតត្បាលជាសកលកូវីដ-១៩ ធូរស្រាលដើម្បីធ្វើការចាក់បញ្ចាំងផ្សាយនៅតាមរោងកុនទូទាំងប្រទេស។ ចំពោះកាលវិភាគនៃការចាក់បញ្ចាំងនេះគ្រោងធ្វើឡើងស្របពេលជាមួយគ្នា ដែលក្បាច់គុនល្បុក្កតោត្រូវបានដាក់ស្នើជាបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូនៅឆ្នាំ២០២២ ផ្ទាល់តែម្ដង៕
អត្ថបទ៖ លី ឈុនឡា