នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសប្បុរសធម៌ហ៊្សកដានី Hashemite ដោយសហការណ៍ជាមួយផ្ទះបាយកណ្តាលពិភពលោក និងកម្មវិធីស្បៀងអាហារពិភពលោក បានបញ្ជូនក្បួនរថយន្តដឹកជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ។
រថយន្តជាច្រើនគ្រឿង ត្រូវបានគេមើលឃើញបើកឆ្លងកាត់ផ្លូវហាយវ៉េនៅរដ្ឋធានី Amman ប្រទេសហ៊្សកដានី ដឹកគ្រឿងផ្គត់ផ្គង់ជំនួយសម្រាប់តំបន់ហ្កាហ្សា ។
យោងតាមក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារភាពអត់ឃ្លាន ។
អង្គការសុខភាពពិភពលោក(WHO)និយាយកាលពីថ្ងៃពុធថា កុមារក្រោមអាយុ ៥ឆ្នាំ ចំនួន ២១នាក់ ស្ថិតក្នុងចំណោមមនុស្សដែលបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។
អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនា ហើយនិងបានបើកឡើងវិញជាមួយនឹងការរឹតត្បិតថ្មីកាលពីខែឧសភា ដោយពួកគេនិយាយថា ពួកគេប្តេជ្ញាចិត្តឲ្យជំនួយចូល ប៉ុន្តែត្រូវគ្រប់គ្រងវា ដើម្បីចៀសវាងធ្លាក់នៅក្នុងកណ្តាប់ដៃរបស់ក្រុមជីវពលហាម៉ាស ។
តំបន់ហ្កាហ្សាដែលមានមនុស្សរស់នៅជាង ២លាននាក់ បានជួបកង្វះស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរបំផុត ក្នុងនោះអ្នកស្រុកជាច្រើន ត្រូវបានសម្លាប់ អំឡុងពេលព្យាយាមទទួលជំនួយនៅចំណុចចែកចាយមានដែនកំណត់របស់មូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ៕