នៅថ្ងៃព្រហស្បតិ៍នេះ ក្មេងៗខ្វះអាហារូបត្ថម្ភដេកនៅលើគ្រែពេទ្យនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis ដោយកុមារទាំងនោះមានស្ថានភាពស្លេកស្លាំង និងស្គមរីងរៃ ស្របពេលដែលវិបត្តិអត់ឃ្លានកាន់តែអាក្រក់ខ្លាំង នៅតំបន់ហ្កាហ្សាស្រ្ទីប ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា មនុស្សរាប់សិបនាក់ បានដាច់ពោះស្លាប់នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលរលកស្រេកឃ្លាន បានវាយប្រហារដែនដីប៉ាឡេស្ទីនមួយនេះ ។
អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃពុធថា កុមារ ២១នាក់ ក្រោមអាយុ ៥ឆ្នាំ ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ។
តំបន់ហ្កាហ្សាដែលមានមនុស្សរស់នៅជាង ២លាននាក់ បានជួបកង្វះស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរបំផុត ក្នុងនោះអ្នកស្រុកជាច្រើន ត្រូវបានសម្លាប់ អំឡុងពេលព្យាយាមទទួលជំនួយនៅចំណុចចែកចាយមានដែនកំណត់របស់មូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
សង្រ្គាមហ្កាហ្សា ផ្តើមចេញពីការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនសុ្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជិត ៦ម៉ឺននាក់ ខណៈដែលមនុស្សស្ទើតែទាំងមូលនៅក្នុងដែនដីមួយនេះ ជម្លៀសខ្លួន និងបណ្តាលឲ្យមានវិបត្តិស្រេកឃ្លានធ្ងន់ធ្ងរ ៕