សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកមានចំនួនអ្នកជំងឺ COVID-19 ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខ្ពស់មិនធ្លាប់មាន ដោយបានបំបែកកំណត់ត្រាផងដែរដែលកាលពីចុងខែធ្នូ ឆ្នាំ២០២១ មានអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្ពស់បំផុតត្រឹមតែងជាង ១០ម៉ឺននាក់ប៉ុណ្ណោះ ខណៈការឆ្លងបណ្ដាលមកពីវីរុសបម្លែងខ្លួនថ្មី Omicron បានប៉ះពាល់ខ្លាំងលើប្រព័ន្ធសុខភាពនៅក្នុងរដ្ឋមួយចំនួន។

មនុស្សចំនួន ១៣២,៦៤៦នាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឆ្លងជំងឺ COVID-19 ជាចំនួនហក់ឡើងខ្ពស់បំផុតលើសពីចំនួន ១៣២,០៥១នាក់ដែលបានបង្កើតកំណត់ត្រាកាលពីខែមករាឆ្នាំមុន។ ចំនួនអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់ជាលំដាប់ចាប់តាំងពីខែធ្នូមក ជាការកើនឡើងទ្វេដងកាលពី ៣សប្ដាហ៍មុន ខណៈវីរុសបម្លែងខ្លួនថ្មី Omicron ដែលមានសមត្ថភាពចម្លងលឿនជាងវីរុសបម្លែងខ្លួនថ្មី Delta ក្លាយជាវីរុសឆ្លងថ្មីដ៏មានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិក។
យោងតាមការវិភាគរបស់សារព័ត៌មាន Reuters នៅរដ្ឋ Delaware, Illinois, Maine, Maryland, Missouri, Ohio, Pennsylvania, Puerto Rico, កោះ U.S. Virgin Islands, រដ្ឋ Vermont, Virginia, ទីក្រុងWashington D.C., និងរដ្ឋ Wisconsin បានរាយការណ៍ចំនួនអ្នកជំងឺ COVID-19 ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដល់កម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន world ometer គិតត្រឹមព្រឹកថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ៦២,៥៣០,៥៤៥នាក់បន្ទាប់ពីមានករណីឆ្លងថ្មី ៦៣០,៨០៦នាក់ និងស្លាប់សរុប ៨៦១,២៧៧នាក់បន្ទាប់ពីមានការស្លាប់ថ្មីចំនួន ៩៥៤នាក់៕
អត្ថបទ៖ សុខមាន