ក្រុមអ្នកពន្លត់អគ្គិភ័យបានបន្តទប់ទល់នឹងចំហេះព្រៃជាច្រើនកន្លែងនៅទូទាំងប្រទេសទួរគី និងប្រទេសស៊ីប កាលពីថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅពេញផ្ទៃដី បង្ខំឱ្យមានការជម្លៀសនៅទីក្រុង និងភូមិនានា ហើយបានសម្លាប់អ្នកពន្លត់អគ្គិភ័យយ៉ាងតិចចំនួន ១០នាក់ នៅភាគកណ្តាលទួរគី និបការស្លាប់មួយចំនួននៅស៊ីប ស្របពេលមានរលកកម្ដៅគ្របដណ្ដប់ពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេ។

យ៉ាងហោចណាស់ចំហេះព្រៃចំនួន ៦កន្លែងដាច់ដោយឡែកពីគ្នា បានកំពុងឆេះនៅទូទាំងប្រទេសទួរគី ហើយរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើទួរគី លោក Ibrahim Yumakli បានព្រមានថា ខ្យល់បក់ខ្លាំង និងកម្ដៅដ៏ក្ដៅគគុក កំពុងបង្កើតលក្ខខណ្ឌអាកាសធាតុយ៉ាងគ្រោះថ្នាក់បំផុត។
អ្នកស្រុកជាច្រើនត្រូវបានជម្លៀសចេញពីតំបន់នៃខេត្តទាំង៣ ពោលគឺខេត្ត Eskisehir ខេត្ត Afyonkarahisar និងខេត្ត Bilecik របស់ទួរគី ដែលរងការគំរាមកំហែងខ្លាំងបំផុតដោយចំហេះ ប៉ុន្តែក្រោយមកអ្នកស្រុកមួយចំនួនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ Bilecik ដែលត្រូវបានប្រកាសថាមានសុវត្ថិភាព។
នៅលើកោះមេឌីទែរ៉ាណេភាគខាងកើតនៃប្រទេសស៊ីប ក្រុមអ្នកពន្លត់អគ្គិភ័យបានបន្តប្រតិបត្តិការអស់ ២ថ្ងៃមកហើយដើម្បីគ្រប់គ្រងចំហេះព្រៃដ៏ធំមួយ ដែលបានលេបត្របាក់ភូមិភ្នំភាគខាងជើងនៃទីក្រុង Limassol និងសម្លាប់មនុស្សមួយចំនួន។ ក្រុមមន្ត្រីនិយាយថា ប្រទេសចំនួន៦ ចាប់ពីអេស្ប៉ាញ រហូតដល់ហ្ស៊កដានី កំពុងដាក់ពង្រាយកម្លាំងជំនួយដើម្បីទប់ទល់នឹងចំហេះដ៏កំណាចនេះ៕

