ក្រុមអ្នកការទូតនិយាយថា បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នឹងជួបពិភាក្សាទល់មុខគ្នាជាមួយអ៊ីរ៉ង់ នៅថ្ងៃសុក្រ ២៥ កក្កដា នេះ ជាលើកដំបូងចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងខែមិថុនា ក្នុងគោលបំណងវាស់ស្ទង់ចិត្តរបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការសម្របសម្រួលលើដំណោះស្រាយនុយក្លេអ៊ែរ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម។

មហាអំណាចអឺរ៉ុបទាំងបីនេះ ឬហៅថា E3 រួមជាមួយចិន និងរុស្ស៊ី គឺជាភាគីដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនក្នុងឆ្នាំ២០១៨ ហើយកិច្ចព្រមព្រៀងនេះបានដកទណ្ឌកម្មលើអ៊ីរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ អាចនឹងត្រូវដាក់ឡើងវិញជាថ្មីលើអ៊ីរ៉ង់ក្នុងខែតុលា ប្រសិនបើពុំមានការបន្តសុពលភាពកិច្ចព្រមព្រៀង។
ការពិភាក្សានៅថ្ងៃសុក្រនេះរវាងអ្នកការទូតជាន់ខ្ពស់មកពី E3 និងក្រុមចរចារបស់អ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល។ អាមេរិកបានចរចា ៥ជុំមកហើយជាមួយអ៊ីរ៉ង់ មុនពេលការវាយប្រហារតាមអាកាសរបស់ខ្លួនក្នុងខែមិថុនា ក្នុងអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថាបាន "លុបបំបាត់" កម្មវិធីនុយក្លេអ៊ែរ ដែលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តខ្លួនអ៊ីស្រាអែល និយាយថាកំពុងបង្កើតអាវុធនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់តែងបដិសេធជាប់រហូត។
អ្នកការទូតអ៊ឺរ៉ុប និងអ៊ីរ៉ង់និយាយថា ពុំមានការរំពឹងទុកណាមួយដែលថាអ៊ីរ៉ង់ នឹងចូលរួមឡើងវិញជាមួយ អាមេរិក ក្នុងតុចរចាឡើយនៅពេលនេះទេ។ ប្រភពនិយាយថា មហាអំណាចអឺរ៉ុបទាំងបី មានបំណងសម្រេចកិច្ចព្រមព្រៀងមួយមុនដំណាច់ខែសីហា ហើយថាពួកគេនឹងបង្ហើបប្រាប់អ៊ីរ៉ង់ នូវលទ្ធភាពក្នុងការពន្យារពេលទណ្ឌកម្មឡើងវិញ ពោលគឺយន្តការ "ត្រឡប់ទៅរកស្ថានភាពដើម" រហូតដល់ ៦ខែ៕

