ការវាយប្រហារដាក់គ្នាទៅវិញទៅមកដោយយានដ្រូនពីទីក្រុងមូស្គូ និងទីក្រុងគីវ បានសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសរុស្ស៊ី និងបីនាក់ទៀតនៅអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ជុំទី ៣ ដ៏ខ្លីមួយបានបញ្ចប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃទី២៣កក្កដា។
មនុស្ស៣នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងគំនរបាក់បែកនៃផ្ទះមួយបន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់ Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយមនុស្សជាច្រើននាក់បានរងរបួសក្នុងទីក្រុង Cherkasy និង Zaporizhzhia ។
ក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa ផ្សារដ៏ល្បីល្បាញ Pryvoz ក៏ដូចជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ត្រូវបានវាយប្រហារផងដែរ។
ក្រុមអាជ្ញាធរបាននិយាយថា អគ្គិភ័យជាច្រើនបានផ្ទុះឡើងនៅទូទាំងទីក្រុងនេះ បន្ទាប់ពីការវាយប្រហារទាំងយប់។
ទន្ទឹមនឹងនេះដែរ ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង ១១ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ទាំងយប់លើទីក្រុង Sochi ក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ី។
ការវាយប្រហាររបស់រុស្ស៊ីមួយផ្សេងទៀតលើក្រុង Kharkov របស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ក៏បានបណ្តាលឲ្យមនុស្ស ៣៣ នាក់រងរបួស ផងដែរ។
រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងដោះដូរអ្នកទោសក្នុងអំឡុងពេលកិច្ចចរចាដោយផ្ទាល់លើកទីបីរបស់ភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែហាក់ដូចជាមានវឌ្ឍនភាពតិចតួចលើលក្ខខណ្ឌបទឈប់បាញ់ឬកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងប្រធានាធិបតីប្រទេសទាំងពីរ ដោយកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់បន្ទាប់ពីចរចាគ្នាតិចជាងមួយម៉ោង ៕