ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ថា ការផ្តោតសំខាន់របស់សហភាពអឺរ៉ុបក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺដើម្បីទទួលបាននូវដំណោះស្រាយចរចាលើពាណិជ្ជកម្មនិងការដំឡើងពន្ធគយ។
លោកស្រី បាននិយាយបន្ថែមថា ការពិភាក្សានយោបាយដ៏តានតឹងកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា «ឧបករណ៍ទាំងអស់ នៅតែមាននៅលើតុ រហូតដល់យើងទទួលបានលទ្ធផលពេញចិត្ត»។
លោកស្រី Von der Leyen បាននិយាយថា ទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិន ឈរលើគុណសម្បត្តិផ្ទាល់ខ្លួន និងឯករាជ្យចំពោះសកម្មភាព ឬបញ្ហាដែលខ្លួនមានជាមួយប្រទេសដទៃ។
សហភាពអឺរ៉ុប បានបង្ហាញពីការរំពឹងទុករបស់ខ្លួនថា ប្រទេសចិនឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប និងប្រើប្រាស់ឥទ្ធិពលដើម្បីជំរុញឱ្យរុស្ស៊ីឈានទៅរកការទទួលយកបទឈប់បាញ់នៅអ៊ុយក្រែន។ លោកស្រី von der Leyen បាននិយាយបន្ថែមថា វាជារឿងសំខាន់ដែលបទឈប់បាញ់ និងការចរចាកើតឡើងដើម្បីបញ្ចប់ការបង្ហូរឈាម។