យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការផ្ទុះគ្រាប់ដ៏ខ្លាំងក្លាបានធ្វើឲ្យកក្រើកតំបន់ Maarrat Misrin ក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ រួមមានទាំងស្ត្រី និងកុមារ។

ក្រុមសង្កេតការណ៍បានរាយការណ៍ថា ការផ្ទុះដែលបានកើតឡើងនៅតំបន់មួយនៅភាគខាងកើតក្រុង al-Foua និងនៅជិតក្រុង Sirin ត្រូវបានគេជឿថាមានប្រភពចេញពីឃ្លាំងអាវុធ។ ការផ្ទុះបានកើតឡើងបន្តបន្ទាប់ ខណៈគ្រាប់រំសេវកាន់តែច្រើនបានផ្ទុះ ដែលធ្វើឱ្យកិច្ចប្រឹងប្រែងជួយសង្គ្រោះជួបភាពស្មុគស្មាញ។

អាជ្ញាធរសុខាភិបាលប្រទេសស៊ីរី ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ្នករបួសភាគច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ទីរពេទ្យនៅទូទាំងខេត្ត Idlib បានចាប់ផ្តើមអំពាវនាវបន្ទាន់សម្រាប់ការបរិច្ចាគឈាមហើយក្រុមការពារជនស៊ីវិល បានចូលរួមក្នុងការយកសាកសពចេញពីគំនរបាក់បែក។
ក្រុមសង្កេតការណ៍បាននិយាយថាចំនួនអ្នកស្លាប់អាចកើនឡើង ខណៈមានរបាយការណ៍អំពីអ្នកស្លាប់និងរងរបួសបន្ថែមទៀត។ ការផ្ទុះនេះបានបង្កឱ្យមានការភ័យខ្លាចជាខ្លាំង ជាពិសេសនៅជុំវិញជំរំជនភៀសខ្លួន ដែលមានគ្រួសារមកពីទូទាំងប្រទេសស៊ីរី។
លំនៅឋានជនស៊ីវិល យានយន្ត និងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរកន្លែងកើតហេតុបានរងការខូចខាត។ រថយន្តគិលានសង្គ្រោះ និងក្រុមការពារជនស៊ីវិលបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងផ្ទុះគ្រាប់ ខណៈកងកម្លាំងសន្តិសុខបានបិទតំបន់នោះ។