មេដឹកនាំមកពីប្រទេសចិន និងសហភាពអឺរ៉ុប បានព្រមព្រៀងសហការលើបញ្ហាសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ។ សហភាពអឺរ៉ុប ក៏បានអំពាវនាវឲ្យប្រទេសចិនចៀសវាងការគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិនលើកទី២៥ បានធ្វើឡើងទៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។ វាក៏ជាការប្រារព្ធខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងភាគីទាំងពីរផងដែរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជួបពិភាក្សាដាច់ដោយឡែក ជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រី លោក លី ឈាំង(Li Qiang) នៅទីក្រុងប៉េកាំង។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក Xi ដែលបាននិយាយថា «ស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ ប្រទេសចិននិងអឺរ៉ុបចាំបាច់ត្រូវតែពង្រឹងទំនាក់ទំនង បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ»។
ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីបម្រែបម្រួលអាកាសធាតុដោយបញ្ជាក់ថាពួកគេនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រទេសចិនកុំឱ្យផ្តល់ជំនួយសម្ភារៈណាមួយសម្រាប់មូលដ្ឋានយោធានិងឧស្សាហកម្មរបស់រុស្ស៊ី។
លោកស្រី Von der Leyen បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីសង្ឃឹមថាប្រទេសចិននឹងជំរុញឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់រវាងរុស្សី-អ៊ុយក្រែន។