កូរ៉េខាងជើង៖ យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់អាវុធដែលគេជឿថា ជាមីស៊ីលបាលីស្ទីកនៅថ្ងៃអង្គារនេះជាការបាញ់សាកល្បងទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីមេដឹកនាំរដ្ឋឯកាមួយនេះជំរុញឲ្យបង្កើនវិស័យយោធា។
នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការបាញ់អាវុធដែលគេសង្ស័យថា ជាមីស៊ីលអន្តរទ្វីបបាលីស្ទីកត្រូវបានគេដឹងនៅម៉ោង ៧:២៧នាទីព្រឹកពីតំបន់មាត់សមុទ្ររបស់កូរ៉េខាងជើង ហោះទៅកាន់ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ដោយសំអាងលើប្រភពនានាពីរដ្ឋាភិបាលក្រុងតូក្យូថា អាវុធនោះទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន។ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា ការបន្តបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងគឺជារឿងគួរឲ្យសោកស្ដាយខ្លាំងណាស់ ដោយបានបញ្ជាក់ថា អង្គការសហប្រជាជាតិទើបតែបញ្ចប់កិច្ចពិភាក្សាលើរបៀបដែលត្រូវឆ្លើយតប ទៅនឹងការបាញ់មីស៊ីលកាលពីសប្ដាហ៍មុនរបស់កូរ៉េខាងជើង ដែលខ្លួនបានអះអាងថាជាមីស៊ីលល្បឿនលឿនជាងសំឡេង៕
អត្ថបទ៖ សុខមាន