ប្រធានាធិបតី លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ិកស៊ិកបានស្នើទៅសហរដ្ឋអាមេរិកនូវជម្រើសមួយចំពោះការដំឡើងពន្ធលើផលិតផលរបស់ប្រទេសម៉ិកស៊ិក។
លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដំឡើងពន្ធ៣០ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិកចាប់ពីថ្ងៃទី១ ខែសីហា ថា «យើងបានធ្វើសំណើជាក់ស្តែងមួយ និងកំពុងវិភាគពីសំណើនេះ ហើយយើងសង្ឃឹមថា វានឹងជួយយើងដោះស្រាយបញ្ហាឲ្យឈានឆ្ពោះទៅមុខ»។
លោកស្រីប្រធានាធិបតី បាននិយាយថា សំណើ ដោយផ្អែកលើផែនការរបស់រដ្ឋាភិបាល ប្រទេសម៉ិកស៊ិក ព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយមិនបង្កផលប៉ះពាល់ដល់ការផ្ទេរឬនាំចេញឡើយ។ លោកស្រីនិយាយបន្ថែមថា ម៉ិកស៊ិកនឹងរង់ចាំរហូតដល់ដើមសប្តាហ៍ក្រោយ សម្រាប់ការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Sheinbaum បានពន្យល់ថា ម៉ិចស៊ិក «មិនចង់ឱ្យគម្លាតរវាងអ្វីដែលសហរដ្ឋអាមេរិកនាំចេញទៅម៉ិកស៊ិក និងអ្វីដែលម៉ិកស៊ិកនាំចេញទៅសហរដ្ឋអាមេរិក បន្តកើនឡើង» ដោយបាននិយាយថា ឱនភាពពាណិជ្ជកម្ម ក្នុងចំណោមក្តីបារម្ភចម្បងរបស់រដ្ឋបាល លោក Trump អាចត្រូវបានកាត់បន្ថយតាមរយៈយន្តការផ្សេងៗ។