រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលចាត់ទុកភាពជារដ្ឋប៉ាឡេស្ទីនថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឲ្យ បង្កើតរដ្ឋប៉ាឡេស្ទីនឡើយ ដោយអត្ថាធិប្បាយអំពីការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង( Emmanuel Macron) ក្នុងការទទួលស្គាល់អធិបតេយ្យភាពប៉ាឡេស្ទីន។
លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«យើងនឹងមិនអនុញ្ញាតឲ្យមានការបង្កើតអង្គភាពប៉ាឡេស្ទីនដែលបំផ្លាញសន្តិសុខ និងអត្ថិភាពរបស់យើង និងបង្កហានិភ័យ និងរំលោភសិទ្ធិជាប្រវត្តិសាស្ត្ររបស់យើង ចំពោះទឹកដីអ៊ីស្រាអែល។
លោកបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់លោក ម៉ាក្រុងថា ជា«ភាពអាម៉ាស់ និងការប្រមាថចំពោះអំពើភេរវកម្ម ក៏ដូចជាការផ្តល់រង្វាន់ និងការគាំទ្រដល់ឃាតក និងអ្នករំលោភបំពានពីក្រុមហាម៉ាស ដែលបានប្រព្រឹត្តការសម្លាប់រង្គាលយ៉ាងធ្ងន់ធ្ងរបំផុតលើប្រជាជនជ្វីហ្វ ចាប់តាំងពីពេលមានវិនាសកម្មនៃការសម្លាប់រង្គាល នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
នាពេលមុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី ម៉ាក្រុង ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយហៅវាថា ជា«ការសម្រេចផ្តល់រង្វាន់ដល់អំពើភេរវកម្ម» និងប្រថុយនឹង «បង្កើតឲ្យមានតំណាងអ៊ីរ៉ង់មួយផ្សេងទៀត»។