ប្រធានតំបន់របស់ទីភ្នាក់ងារស្បៀងអាហារនៃអង្គការសហប្រជាជាតិ បានព្រមានថា នីហ្សេរីយ៉ា កំពុងតែប្រឈមនឹង "វិបត្តិអត់ឃ្លានដែលមិនធ្លាប់មានពីមុនមក" ហើយតម្រូវការសម្រាប់ស្បៀងអាហារក៏កំពុងកើនឡើងខ្លាំងនៅទូទាំងតំបន់ភាគខាងលិច និងកណ្តាលនៃទ្វីបអាហ្រ្វិកទាំងមូល ខណៈមូលនិធិជំនួយសកលកំពុងធ្លាក់ចុះ។
ប្រធានប្រចាំតំបន់ លោកស្រី Margot van der Velden បាននិយាយថា មនុស្សជិត ៣១លាននាក់ នៅនីហ្សេរីយ៉ា កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ហើយកំពុងត្រូវការអាហារសង្គ្រោះជីវិតខ្លាំងបំផុត ដែល "ស្មើនឹងចំនួនប្រជាជនសរុបនៃរដ្ឋតិចសាស់ទាំងមូល របស់សហរដ្ឋអាមេរិក កំពុងស្រេកឃ្លាន"។

នាយកតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោក WFP រូបនេះបន្តថា ដោយសារតែការកាត់បន្ថយមូលនិធិយ៉ាងធ្ងន់ធ្ងរដែលចាប់ផ្តើមនៅក្នុងខែសីហា "គ្រប់គ្នានឹងប្រឈមមុខនឹងការពិតដ៏គួរឱ្យសោកស្ដាយនៃការត្រូវផ្អាកជំនួយមនុស្សធម៌សម្រាប់ប្រជាជនក្នុងតំបន់បំផ្លិចបំផ្លាញដោយជម្លោះ"។
លោកស្រីសង្កត់ធ្ងន់ថា នោះមានន័យថា មនុស្សជាង ១,៣លាននាក់នៅនីហ្សេរីយ៉ា នឹងបាត់បង់លទ្ធភាពទទួលបានអាហារ និងអាហារូបត្ថម្ភ គ្លីនិកអាហារូបត្ថម្ភ ១៥០កន្លែងនៅរដ្ឋ Borno ភាគឦសានអាចនឹងបិទទ្វារ ហើយកុមារ ៣សែននាក់ នឹងប្រឈមកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ខណៈជនភៀសខ្លួន ៧សែននាក់ "នឹងពុំមានមធ្យោបាយរស់រានឡើយ"៕

