គេហទំព័រព័ត៌មាន Axios បានសរសេរថា រដ្ឋមន្ត្រីមកពីប្រទេសអ៊ីស្រាអែល និងស៊ីរី បានបើកកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ក្នុងរយៈពេល ២៥ឆ្នាំ។
កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) គឺលោក Tom Barrack។
យោងតាមគេហទំព័រព័ត៌មាននេះ កិច្ចប្រជុំនៅទីក្រុងប៉ារីស មានការចូលរួមពីភាគីអ៊ីស្រាអែលដោយរដ្ឋ មន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ និងមនុស្សជាទីទុកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ (Netanyahu) គឺលោក Ron Dermer និងពីភាគីស៊ីរីដោយរដ្ឋមន្ត្រីការបរទេស លោក Assad al-Sheibani។
កិច្ចពិភាក្សានេះ មានរយៈពេល ៤ម៉ោង ហើយផ្តោតលើការកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ប្រភពពីអ៊ីស្រាអែល បានប្រាប់គេហទំព័រ Axios ថា ភាគីទាំងពីរ គ្រោងនឹងយល់ព្រមលើសន្តិសុខ នៅភាគខាងត្បូងប្រទេសស៊ីរី និងបទឈប់បាញ់។

គេហទំព័រនេះ បានសរសេរថា កិច្ចប្រជុំពាក់កណ្តាលសាធារណៈនេះ នៅទីក្រុងប៉ារីស បានធ្វើឡើង បន្ទាប់ពីជំនួបសម្ងាត់ជាច្រើនលើករវាងមន្ត្រីអ៊ីស្រាអែល និងស៊ីរី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ មន្ត្រី អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រជុំនៅទីក្រុងប៉ារីស គឺជាជំហានដំបូង ហើយសង្កត់ធ្ងន់លើវិធានការកសាងទំនុកចិត្តពីភាគីទាំងពីរ គឺចាំបាច់ដើម្បីឆ្ពោះទៅមុខ។
ភាពតានតឹងនៅភាគខាងត្បូងប្រទេសស៊ីរី បានកើនឡើង កាលពីថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលការប៉ះទង្គិចគ្នារវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងកម្លាំងការពារស្វ័យការពារសហគមន៍ Druze។ នៅថ្ងៃទី ១៥ ខែកក្កដា កងកម្លាំងស៊ីរី បានចូលទៅក្នុងទីក្រុង Sweida ហើយបានចាប់ផ្តើមបោសសម្អាតវាឡើង ដើម្បីធ្វើឲ្យស្ថានការណ៍ មានស្ថិរភាព។ បន្តិចក្រោយមក អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារក្បួនរថយន្តយោធាស៊ីរី ដោយលើកហេតុផលថា ខ្លួនកំពុងស្វែងរកការការពារប្រជាជនសហគមន៍ Druze នៃខេត្ត Sweida។
