យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមទ្រង់ទ្រាយធំជាបន្តបន្ទាប់ ទៅលើមូលដ្ឋានជាច្រើន នៅជិតទីក្រុង Jezzine និង Nabatieh ភាគខាងជើងទន្លេ Litani នៃប្រទេសលីបង់។
យោងតាមគេហទំព័រព័ត៌មាន Janoubia បានឲ្យដឹងថា ការវាយប្រហារទាំងនោះ បានកំណត់គោលដៅដែលសង្ស័យថា ជាជម្រកក្រោមដី ប៉ុស្តិ៍បញ្ជាការ និងកន្លែងស្តុកសម្ភារៈរបស់កងជីវពលហេសបូឡា Shia ។ អាជ្ញាធរមូលដ្ឋាន មិនបានរាយការណ៍អំពីការស្លាប់ជនស៊ីវិលទេ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យានដ្រូនមួយគ្រឿង បានកំណត់គោលដៅលើរថយន្តភីកអាប់របស់សមាជិក នៃក្រុមហេសបូឡា នៅក្នុងទីក្រុង Ayta ash-Shaab ។ ការវាយប្រហារនេះ បានសម្លាប់អ្នកបើកបរ និង បណ្តាលឲ្យឆេះរថយន្ត។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា នៅថ្ងៃព្រហស្បតិ៍ដែរនោះ ទាហានអ៊ីស្រាអែល បានចូលទៅចម្ងាយ ៨០០ គីឡូម៉ែត្រ ក្នុងទឹកដីលីបង់ ក្នុងទីក្រុង Houla និងបានធ្វើប្រតិបត្តិការបោសសម្អាត ដោយបានបំផ្ទុះអគារជាច្រើន។ តំបន់ព្រៃមួយនៅក្នុងក្រុង Beit Lif ក៏រងការវាយប្រហារផងដែរ។ ចំណុចក្តៅ ត្រូវបានកត់ត្រា នៅទីនោះ។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទីតាំងយោធារបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
ការវាយប្រហារបានកំណត់គោលដៅទៅលើឃ្លាំងអាវុធ ជើងទម្របាញ់គ្រាប់រ៉ូកែត ក៏ត្រូវបានវាយប្រហារផងដែរ។ យោងតាមកងទ័ពអ៊ីស្រាអែល «វត្តមានអាវុធទាំងនេះ និងសកម្មភាពរបស់អង្គការភេរវកម្មហេសពូឡា នៅក្នុងតំបន់នេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់»។