ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយបាននឹងកំពុងបក់បោកកាត់តំបន់ភ្នំភាគខាងជើងហ្វីលីពីន ក្នុងថ្ងៃសុក្រ (២៥ កក្កដា) នេះ ដោយធ្វើឱ្យបញ្ហាអាកាសធាតុធ្ងន់ធ្ងរជាងមួយសប្តាហ៍មកនេះកាន់តែអាក្រក់ទៅៗ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ២៥នាក់ស្លាប់ និងជំរុញឱ្យមានការជម្លៀសមនុស្សរាប់សែននាក់ចេញពីក្នុងភូមិរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដី។

ព្យុះត្រូពិក ដែលពីមុនជាព្យុះទីហ្វុង ឈ្មោះ Co-may បានបោកបក់នៅយប់ថ្ងៃព្រហស្បតិ៍ លើទីក្រុង Agno ក្នុងខេត្ត Pangasinan ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់កន្រ្តាក់រហូតដល់ ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះបានចុះខ្សោយ ខណៈពេលឆ្ពោះទៅទិសឦសាន ហើយមានខ្យល់បក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃសុក្រ។
ក្រុមមន្ត្រីឆ្លើយតបគ្រោះមហន្តរាយបានទទួលរបាយការណ៍នៃការស្លាប់យ៉ាងហោចណាស់ ២៥នាក់ចាប់តាំងពីចុងសប្តាហ៍មុនមក ដែលភាគច្រើនដោយសារតែទឹកជំនន់យ៉ាងគំហុក ការបាក់រលំដើមឈើ បំណាក់ដី និងការឆក់អគ្គិសនីព្រោះតែបណ្ដាញខ្សែភ្លើងដួលរលំ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន។
ព្យុះ Co-may ដែលស្គាល់ក្នុងស្រុកថា Emong ជាព្រឹត្តិការណ៍រំខានអាកាសធាតុទី៥ ដែលបានវាយប្រហារលើហ្វីលីពីន ចាប់តាំងពីរដូវវស្សាបានចាប់ផ្តើមកាលពីខែមុនមក។ ក្រុមអ្នកព្យាករព្រមានថា ព្យុះត្រូពិកច្រើនជាង ១០ករណីទៀត ត្រូវបានរំពឹងថានឹងវាយលុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅរយៈពេលសេសសល់ខាងមុខនៃឆ្នាំ២០២៥នេះ៕

