ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី «គរុកោសល្យ វិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន» ជំហាន៣ ក្រុម២ សម្រាប់លោកគ្រូ អ្នកគ្រូ និងមន្រ្តីរាជការ សាលាមធ្យមនិងវិចិត្រសិល្បៈ, នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន១០២នាក់ ក្នុងនោះស្ត្រី៥០នាក់។ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្ឃឹមជឿជាក់ថាសិក្ខាកាម ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មីៗ សម្រាប់យកទៅប្រើប្រាស់លើការងារ ជំនាញ របស់ខ្លួនប្រកបដោយសុច្ចរិតភាព ភាពថ្លៃថ្នូរ និងលើកស្ទួយវិស័យវប្បធម៌ និងសង្គមជាតិ ស្របតាមតថភាពពិតនៃសង្គមបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ ពង្រឹង និងអភិវឌ្ឍន៍ជាតិ ទៅតាមទិសដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នេះ។ ក្រៅពីបំពេញកាតព្វកិច្ចតាមផែនការដែលអង្គភាពបានដាក់ចេញ បងប្អូនសិក្ខាកាមទាំងអស់ ត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែម តាមរយៈការបន្តខិតខំសិក្សាស្វែងយល់ និងត្រូវមានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ក្នុងគោលបំណងកែលម្អ សកម្មភាពការងារ សំដៅធ្វើឱ្យការងារមានប្រសិទ្ធភាព និងមានការរីកចម្រើនឆាប់រហ័ស។ ហើយកម្មវិធីសិក្សានេះ មានការដាក់បញ្ចូលវិធីសាស្រ្តអនុវត្ត សម្រាប់ប្រធានបទសំខាន់ៗចំនួន២ រួមមាន៖ ១. មុខវិជ្ជាការអភិវឌ្ឍការរៀបប្លង់មេរៀន និង ២. មុខវិជ្ជាការអភិវឌ្ឍកិច្ចតែងការបង្រៀន ដែលមុខវិជ្ជាគឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សា ពេលវេលាក្នុងការបង្រៀន កំណត់រយៈពេលនៃមេរៀន ជំហានទាំង៥ នៃការបង្រៀន មានប្រសិទ្ធភាពនៃការបង្រៀន មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
នាឱកាសនោះដែលលោកជំទាវ ឆឹង ស៊ីមន បានថ្លែងថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ លោកគ្រូ អ្នកគ្រូជាសិក្ខាកាមនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលមានវត្តមាននៅថ្ងៃនេះ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈទាំងពេលនេះ និងទៅថ្ងៃអនាគត។ ដូច្នេះការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ (soft skill)បន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕
អត្ថបទ រដ្ឋា















