អភិបាលខេត្តស៊ីណៃខាងជើងលោក Khaled Megawer បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASSថា រថយន្តជំនួយ បានចាប់ផ្តើមចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីយប់ថ្ងៃពុធ មិនមែនជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងចលនាហាម៉ាសរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងនយោបាយរបស់រដ្ឋាភិបាលអេហ្ស៊ីប។
មន្ត្រីរូបនេះ បាននិយាយថា៖«ដោយសារមានកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង រថយន្តជំនួយជាច្រើនគ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺមិនមែនកើតឡើងដោយសារការចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតាទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយរបស់ភាគីអេហ្ស៊ីប»។
លោកអភិបាលខេត្ត បានបន្ថែមថា រថយន្តជំនួយដឹកស្បៀងអាហារភាគច្រើន រួមទាំងម្សៅ ទៅកាន់តំបន់នេះ ។ លោកបានលើកឡើងថា៖«កិច្ចប្រឹងប្រែងនេះ ត្រូវបានធ្វើ ដើម្បីជួយសង្គ្រោះអ្នកស្រុកនៃដែនដីនេះ ពីទុរ្ភិក្ស ដែលពួកគេកំពុងជួបប្រទះរួចហើយ ចំពេលមានការខ្វះខាតអាហារយ៉ាងខ្លាំងនោះ»។
អភិបាលខេត្តស៊ីណៃខាងជើង ក៏បាននិយាយផងដែរថា អេហ្ស៊ីបបានត្រៀមជាស្រេច ក្នុងការបញ្ជូនរថយន្តជំនួយរាប់រយគ្រឿង ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ ហើយការដឹកជញ្ជូន នឹងត្រូវបានសម្របសម្រួលដោយសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប។
លោកបាននិយាយថា៖«អេហ្ស៊ីបមានសម្ភារៈបំរុងទុកសំខាន់ៗ និងត្រៀមខ្លួនជាស្រេច ដើម្បីធានាការចូលនៃរថយន្តជំនួយរាប់រយគ្រឿង ទៅកាន់តំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ។ ការសម្របសម្រួលនៅក្នុងតំបន់នេះ នឹងត្រូវបានធានាដោយសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប ដែលមានឃ្លាំងធំៗជាច្រើន នៅជិតច្រកព្រំដែនដែលនាំទៅដល់តំបន់នេះ»។