រយៈពេលជាងពីរឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ដែលបានបណ្តាលឲ្យអ្វីដែលក្រុមអង្គការផ្តល់ជំនួយ បានពិពណ៌នាថា ជាវិបត្តិភៀសខ្លួន និងគ្រោះអត់ឃ្លានដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

ជម្លោះរវាងយោធាស៊ូដង់ និងក្រុមប្រដាប់អាវុធរបស់កងកម្លាំងគាំទ្ររហ័ស បានបន្តយ៉ាងទូលំទូលាយ នៅក្នុងតំបន់ Darfur និង Kordofan។ ការប៉ះទង្គិចគ្នាដ៏សាហាវបំផុតមួយចំនួន បានកើតឡើង នៅក្នុងរដ្ឋធានីខាទុំ (Khartoum) និងតំបន់ជុំវិញ ដែលកងទ័ពបាននិយាយថា ខ្លួនដណ្តើមបានគ្រប់គ្រងវិញហើយ។
សង្រ្គាមបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងខាទុំ មុនពេលរីករាលដាលពាសពេញប្រទេសនេះ។ ភាគីទាំងពីរ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ ដូចជាការបោសសម្អាតជនជាតិភាគតិច ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទលើជនស៊ីវិល រួមទាំងកុមារផងដែរ។ ទន្ទឹមនឹងនេះ ប្រជាជនជាច្រើននៅទូទាំងប្រទេសស៊ូដង់ ត្រូវបានរុញច្រានឲ្យឈានដល់ស្ថានភាពនៃការបាត់បង់ជីវិតដោយអត់អាហារបរិភោគ។
