ភ្នំពេញ ៖ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា បានថ្លែងបញ្ជាក់ថា អ្វីដែលថៃបានធ្វើតាំងពីមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ពេលនេះ គឺជាផែនការដែលបានសម្របសម្រួល គិតទុកជាមុនដោយចេតនា ដើម្បីឈ្លានពានចូលទឹកដីរបស់កម្ពុជា ខណៈថ្ងៃទី២៤ ខែកក្កដា ភាគីថៃបានផ្ទុះអាវុធវាយប្រហារមកលើកម្ពុជា គឺថៃបានត្រៀម និងដាក់ទ័ពតាំងពីថ្ងៃទី២៣ ខែកក្កដាមកម្លេះ។
ឯកឧត្តម គង់ ភោគ បានលើកឡើងថា ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ កម្ពុជា បានបញ្ជាក់ទៅកាន់អង្គទូតបរទេសនានាប្រចាំនៅកម្ពុជាថា រឿងនេះមិនមែនជារឿងថ្មីទេ ប៉ុន្ដែជាការគិតទុកជាមុនដោយចេតនារបស់ភាគីថៃ ប៉ុន្ដែកម្ពុជាតែងតែព្យាយាមដោះស្រាយតាមសន្ដិវិធី និងច្បាប់អន្តរជាតិ។
បើតាម ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ភាគីថៃ មិនដែលទទួលស្គាល់គំហុសចំពោះការឈ្លានពានរបស់ខ្លួនមកលើម្ពុជានោះទេ ប៉ុន្ដែមេទ័ពថៃ បានប្រកាសដាក់ចេញនូវផែនការ «ចក្រពង្សភូវនាថ» ដែលពួកគេហៅថា ជាផែនការពេញលេញត្រៀមធ្វើសង្គ្រាមឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា តាំងពីថ្ងៃទី២៣ ខែកក្កដាមកម្លេះ៕
