យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើររុស្ស៊ី ១គ្រឿង ដែលបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) មានអាយុជិត ៥០ឆ្នាំ ហើយមានអាយុកាលប្រើប្រាស់រហូតដល់ឆ្នាំ២០៣៦។
មន្ត្រីដឹកជញ្ជូន ក្នុងតំបន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាម Telegram ថា យន្តហោះ Antonov An-24 ដែលជាយន្តហោះមានម៉ាស៊ីនភ្លោះ ផ្ទុកអ្នកដំណើរចំនួន ៤៣នាក់ បានបាត់ពីរ៉ាដា នៅម៉ោងប្រហែល ១រសៀល ម៉ោងក្នុងស្រុក នៅតំបន់ Amur នៃប្រទេសរុស្ស៊ី។
ហើយបន្ទាប់មក មន្ត្រីអាកាសចរណ៍សហព័ន្ធរុស្ស៊ី បានប្រាប់ថា មានអ្នកដំណើរ ៤២នាក់ និងបុគ្គលិក ៧នាក់ នៅលើយន្តហោះនោះ នៅពេលដែលវាបានធ្លាក់ពេលជិតដល់អាកាសយានដ្ឋានទីក្រុង Tynda ក្នុងតំបន់ Amur។
មន្ត្រីក្នុងតំបន់បាននិយាយថា យន្តហោះនេះមិនអាចចុះចតបានសម្រេចជាលើកទី១ ហើយបានធ្លាក់ក្នុងអំឡុងពេលព្យាយាមជាលើកទី២។ សារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា លក្ខខណ្ឌនៃការហោះហើរ គឺមិនសមស្របសម្រាប់យន្តហោះដឹកអ្នកដំណើរនេះទេ ហើយមិនមានការហៅទូរសព្ទគ្រាអាសន្ននោះឡើយ នៅពេលវារៀបធ្លាក់។
យោងតាមសារព័ត៌មានរដ្ឋ TASS បានឲ្យដឹងថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Angara ដែលមានទីស្នាក់ការនៅតំបន់ស៊ីបេរី ត្រូវបានផលិតក្នុងឆ្នាំ១៩៧៦ ដូច្នេះ វាមានអាយុ ៤៩ឆ្នាំហើយ៕