ភ្នំពេញ៖ កុមារ យុវវ័យ និងប្រជាពលរដ្ឋមកពី៥សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំគ្នាសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបំប្លែងថ្មី ពីក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពជ្រោយចង្វារ។
សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ លោក ជា ស៊ីពណ៌ ប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរខណ្ឌសហការជាមួយក្រុមការងារគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពជ្រោយចង្វារ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋសេសសល់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា និងចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ក្នុងសហគមន៍របស់ពួកគាត់ផងដែរ។
ជាមួយគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ផ្សេងគ្នា ក្នុងខណ្ឌជ្រោយចង្វារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ថ្ងៃនេះពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារខ្លួន ពីជំងឺកូវីដ-១៩ និងក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនពួកគាត់ និងសូមគោរពអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាជនខ្មែរ ដើម្បីការពារជៀសផុតពីជំងឺដ៏កាចសាហាវនេះ។
ទន្ទឹមនឹងនោះ ក្នុងនាមរដ្ឋបាលខណ្ឌជ្រោយ ក៏សូមក្រើនរំលឹក និងអំពាវនាវចំពោះប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវតិ្ថភាពសង្គមពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ៣កុំ និង៣ការពារ៕អត្ថបទ រដ្ឋា








