ក្រុមហាម៉ាសនៅព្រឹកថ្ងៃសុក្រនេះ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការចរចាបទឈប់បាញ់ដែលកំពុងបន្ត បន្ទាប់ពីការរិះគន់ពីបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff លើចេតនារបស់ក្រុមនេះ នៅក្នុងកិច្ចពិភាក្សានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បានសម្តែងនូវ «ការភ្ញាក់ផ្អើល» របស់ខ្លួន ចំពោះការអត្ថាធិប្បាយរបស់បេសកជនរូបនេះ ដោយបញ្ជាក់សាជាថ្មីថា ការចូលរួមរបស់ខ្លួនក្នុងដំណើរការការទូត គឺសំដៅឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។
ក្រុមហាម៉ាស បាននិយាយថា៖«ចលនានេះ បានធ្វើសកម្មភាពដោយស្មារតីទទួលខុសត្រូវជាតិ និងភាពបត់បែនគ្រប់ការចរចានេះ” ដោយកត់សម្គាល់ថា ខ្លួនបានដាក់ការឆ្លើយតបទៅកាន់អ្នកសម្រុះសម្រួលបន្ទាប់ពីពិគ្រោះយោបល់ជាមួយក្រុមប្រឆាំងប៉ាឡេស្ទីន និងដៃគូក្នុងតំបន់។
ក្រុមនេះ បាននិយាយថា ខ្លួនបានដោះស្រាយជាវិជ្ជមាននូវមតិយោបល់ និងសំណើ ដែលខ្លួនទទួលបានពីអ្នកសម្រុះសម្រួល រួមទាំងអ្នកមកពីប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដោយបន្ថែមថា ខ្លួននៅតែបើកចំហចំពោះការចរចាបន្ថែមទៀត និងប្តេជ្ញាធ្វើការក្នុងក្របខ័ណ្ឌសម្របសម្រួលដែលបានបង្កើតឡើង។
លោក Witkoff បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងស្វែងរក «ជម្រើសជំនួស» សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ហើយក្រុមចរចារបស់សហរដ្ឋអាមេរិក កំពុងវិលត្រឡប់ពីប្រទេសកាតា សម្រាប់ការពិគ្រោះយោបល់លើការឆ្លើយតបចុងក្រោយរបស់ក្រុមហាម៉ាស ដែលលោកហៅថា «អាត្មានិយម» ។