មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយដែលបានបំផ្លាញអគារផ្ទះល្វែងកម្ពស់ ១០ជាន់មួយកន្លែង នៅទីក្រុង Saratov តំបន់ Volga River ប្រទេសរុស្ស៊ីនាថ្ងៃសុក្រនេះ ។
វីដេអូដែលត្រូវបានបញ្ចេញដោយក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និងបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញទំហំនៃការខូចខាត ក្រុមមន្រ្តីជួយសង្រ្គោះកំពុងព្យាយាមស្វែងរកអ្នករស់រាននៅក្រោមគំនរបាក់បែក និងអ្នកដំណើរឆ្លងកាត់ ជួបជុំគ្នានៅទីតាំងកើតហេតុ ដើម្បីមើលគ្រោះមហន្តរាយ ។
ការិយាល័យរដ្ឋអាជ្ញាតំបន់ Saratov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការផ្ទុះហ្គាស បានកើតឡើងនៅអគារផ្ទះល្វែងស្ថិតនៅលើផ្លូវ Blinova ។ ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញ ស្របពេលដែលគ្រោះថ្នាក់នៃការបាក់រលំ នៅតែមាន ។
យោងតាមសេចក្តីរាយការណ៍ពីក្រសួងជួយសង្រ្គោះបន្ទាន់ បានឲ្យដឹងថា ក្រុមជួយសង្រ្គោះ ជាង ១០០នាក់បំពាក់ដោយឧបករណ៍គ្រប់គ្រាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចុះប្រតិបត្តិជួយសង្រ្គោះ និងរុករក ៕