នៅថ្ងៃសុក្រនេះ ហ្វូងជនប៉ាឡេស្ទីនបានជួបជុំគ្នានៅផ្ទះបាយស៊ុប នៅទីក្រុងហ្កាហ្សា នាំគ្នាកាន់ឆ្នាំងទទេរ ដោយសង្ឃឹមថា នឹងទទួលបានអាហារខ្លះសម្រាប់ខ្លួនឯង និងសាច់ញាតិគ្រួសាររបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុកបានឲ្យដឹងថា មនុស្សរាប់សិបនាក់ បានស្លាប់ដោយសារអត់ឃ្លាននៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលរលកអត់ឃ្លាន បានវាយប្រហារដែនដីបិទជ្រកមួយនេះ ។
អ្នកស្រី Umm Mohammed គឺជាជនប៉ាឡេស្ទីនមួយរូប និយាយថា គាត់មកកាន់ផ្ទះបាយស៊ុប ដោយសារតែគ្មានម៉្សៅ គ្មានអង្ករ នៅផ្ទះរបស់គាត់ ។ គាត់ហ៊ានស្បថថា គាត់គ្មានអង្ករសូម្បីមួយគ្រាប់នៅផ្ទះ តែបើគាត់មាន គាត់ក៏មិនធ្វើដំណើរមកកាន់ផ្ទះបាយស៊ុបនោះដែរ គាត់សុំខ្លះមក គាត់សូមអង្វរ ។
ស្តុកស្បៀងអាហារនៅតំបន់ហ្កាហ្សា បានអស់ ចាប់តាំងពីអ៊ីស្រាអែលកាត់ផ្តាច់ការផ្គត់ផ្គង់ជំនួយទាំងអស់ចូលក្នុងដែនដីមួយនេះ កាលពីខែមីនា និងបានបើកឡើងវិញកាលពីខែឧសភា តែរឹតត្បិតការចែកចាយជំនួយ ដោយពួកគេលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីការពារជំនួយធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមហាម៉ាស ។
អ៊ីស្រាអែលនិយាយថា ពួកគេបានអនុញ្ញាតឲ្យស្បៀងអាហារចូលគ្រប់គ្រាន់សម្រាប់ពលរដ្ឋហ្កាហ្សា ហើយនិងដាក់ការស្តីបន្ទោសលើអង្គការសហប្រជាជាតិ(UN) សម្រាប់ការយឺតយ៉ាវក្នុងការចែកចាយស្បៀងអាហារទាំងនេះ ៕