នៅថ្ងៃសុក្រ (ទី២៥ ខែកក្កដា) នេះ វិមានក្រឹមឡាំង បានលើកឡើងថា ជំនួបកំពូល រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អាចកើតឡើងទៅបាន លុះត្រាណាតែនោះ គឺជាដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលមានន័យថា កិច្ចព្រមព្រៀងសន្តិភាពជិតលេចរូបរាងឡើងហើយ។
កិច្ចប្រជុំបែបនេះ មិនទំនងអាចកើតឡើងឡើយ នៅចុងខែសីហា ដូចដែលអ៊ុយក្រែនចង់បាននោះ។ នេះជាសម្ដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានប្រាប់ថា៖ «កិច្ចប្រជុំកំពូលមួយអាច និងគួរតែជាដំណាក់កាលចុងក្រោយនៃដំណោះស្រាយ និងការធ្វើជាផ្លូវការនូវគំរូ និងកិច្ចព្រមព្រៀងដែលរៀបចំឡើងដោយអ្នកជំនាញ។ វាមិនអាចទៅរួចនោះទេ ក្នុងការឲ្យវាកើតឡើងតាមវិធីផ្សេងនោះ។ តើវាអាចទៅរួចទេ ក្នុងការសម្រេចអ្វីៗ ក្នុងដំណាក់កាលដ៏ស្មុគស្មាញបែបនេះ ត្រឹមរយៈពេល ៣០ថ្ងៃ? ច្បាស់ណាស់ វាមិនទំនងទៅរួចឡើយ»។
អ៊ុយក្រែនលើកឡើងថា កិច្ចប្រជុំរបស់មេដឹកនាំទាំង២ គឺទាមទារឲ្យសម្រេចបាននូវការទម្លាយនូវភាពទាល់ច្រក ជាដំណើរការដ៏យឺតយ៉ាវ ដែលបានមើលឃើញភាគីទាំង២ ជួបគ្នារយៈពេលខ្លីៗនៃកិច្ចចរចាសន្តិភាពចំនួន ៣លើក នៅក្នុងប្រទេសទួរគី ចាប់តាំងពីពាក់កណ្តាលខែឧសភាមក៕