នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃសុក្រ (ទី២៥ ខែកក្កដា) នេះ បានប្រាប់ថា ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក ឥឡូវនេះ កំពុងពិចារណាជម្រើស «ផ្សេង» ដើម្បីនាំយកចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សា និងបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅដែនដីនេះ ដែលទំនងជាអំពាវនាវឲ្យបញ្ចប់កិច្ចពិភាក្សាសន្តិភាព។
ការកត់សម្គាល់នេះ បានបន្ទរតាមសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយបេសកជនអាមេរិក លោក Steve Witkoff បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានដកគណៈប្រតិភូរបស់ពួកគេចេញពីកិច្ចចរចា នៅទីក្រុងដូហា ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា។
លោក Witkoff បាននិយាយថា ក្រុមហាម៉ាស គឺជាអ្នកធ្វើឲ្យជាប់គាំងដំណើរការនេះ។ ហើយលោក Netanyahu បានបន្ទរបន្ថែមថា លោក Witkoff និយាយត្រូវ គឺក្រុមហាម៉ាសជាឧបសគ្គ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។
ក្រុមហាម៉ាសដែលបានផ្តល់ការឆ្លើយតបរបស់ខ្លួន ចំពោះសំណើបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែកក្កដា បានជំទាស់នឹងការពិពណ៌នារបស់លោក Witkoff ចំពោះកិច្ចពិភាក្សានេះ ហើយបាននិយាយថា ក្រុមអ្នកចរចាកំពុងដំណើរការ។
គួរបញ្ជាក់ថា សំណើបទឈប់បាញ់ នឹងមានរយៈពេល ៦០ថ្ងៃ ដែលជំនួយបន្ថែមនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរនៅសល់ ៥០នាក់ ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធ នៅទីនោះនឹងត្រូវបានដោះលែង ជាថ្នូរនឹងសេរីភាពអ្នកទោសប៉ាឡេស្ទីន ដែលជាប់ឃុំនៅអ៊ីស្រាអែល៕