នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋបានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន គ្រួសារ ១ ២២០គ្រួសារ ស្មេីនឹងចំនួន ៦ ១៩៨នាក់ ស្រី ៣ ៣៤៤នាក់ ដែលប្រេីប្រាស់ទីតាំងសុវត្ថិភាពសរុប ៩៥ទីតាំង នៃទីតាំងរៀបចំចំនួន ១០៧ទីតាំង គិតត្រឹម ម៉ោង ២១:២០នាទី។ ក្នុងនោះមាន៖
១/ស្នាក់នៅតាមទីតាំងសុវត្ថិភាព រៀបចំដោយរដ្ឋបាលក្រុង ស្រុក៖
-ចំនួនគ្រួសារ ៩២៣គ្រួសារ
-ចំនួនមនុស្សសរុប ៥០៣៣នាក់
-ចំនួនស្រីសរុប ២៨៤៤នាក់
២/ស្នាក់នៅតាមផ្ទះ ៖
-ចំនួនគ្រួសារ ២៩៧គ្រួសារ
-ចំនួនមនុស្សសរុប ១១៦៥នាក់
-ចំនួនស្រីសរុប ៥០០នាក់
ទន្ទឹមគ្នានេះ ទីតាំងមួយចំនួន នៅមានការខ្វះខាតសម្ភារដូចជាមុង ភួយ ថ្នាំមូស សម្រាប់ការពារមូស ដោយសារមានមូសច្រើន ព្រមទាំងការខ្វះខាតសម្ភារប្រើប្រាស់ និងស្បៀង ដោយសារការជម្លៀសមកបន្ទាន់ ដោយពុំបានរៀបចំសម្ភារៈមកបានគ្រប់គ្រាន់ និងពិបាកដឹកជញ្ជូនជាដើម ដែលជាឆ្លើយតបរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយសប្បុរសជនកំពុងរៀបចំជាបន្តបន្ទាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចំពោះសន្តិសុខ សុខភាព និងការផ្គត់ផ្គង់អាហារដល់បងប្អូនឱ្យបានគ្រប់គ្រាន់បន្តទៀត។ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប៕








