កាហ្សាក់ស្ថាន៖ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានហៅអំពើហិង្សាដ៏ធ្ងន់ធ្ងរកាលពីសប្ដាហ៍មុនថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ លោកបានប្រាប់បណ្ដាមេដឹកនាំសម្ព័ន្ធយោធានៃរដ្ឋអតីតសូវៀតថា សកម្មភាពនេះត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលគោលមួយ តែពុំបានបញ្ជាក់ឈ្មោះអ្នកទទួលខុសត្រូវទេ។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ប្រទេសកាហ្សាក់ស្ថានត្រូវបានក្លាយជាគោលដៅរបស់ក្រុមភេរវករអន្តរជាតិ ប៉ុន្តែពុំបានផ្ដល់ភស្តុតាំងលើអះអាងនេះទេ។ កាលពីសប្ដាហ៍មុនវិមានក្រឹមឡាំងបានព្រមានទល់នឹងការជ្រៀតជ្រែកពីបរទេស លើភាពវឹកវរនៅប្រទេសកាហ្សាក់ស្ថានដោយលើកឡើងថា ប្រទេសនេះអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ លោក Putin បានបន្ថែមថា ប្រទេសរុស្ស៊ីនឹងមិនបណ្ដោយឲ្យមានបដិវត្តន៍កើតឡើងនៅក្នុងតំបន់នេះឡើយ។
ទាហានមកពីប្រទេសរុស្ស៊ី និងបណ្ដាប្រទេសផ្សេងទៀត បច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីស្ដារស្ថានការនៅតាមព្រំដែនឡើងវិញ។ បាតុកម្មនានាបង្កឡើងដោយការឡើងថ្លៃប្រេងឥន្ធនៈ បានប្រែក្លាយប្រទេសនេះឲ្យធ្លាក់ចូលក្នុងភាពរំជើបរំជួលដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំមកនេះចាប់តាំងពីទទួលបានឯករាជ្យ។ មនុស្ស ១៦៤នាក់បានស្លាប់ និងជាង ៥,០០០នាក់ត្រូវបានឃុំខ្លួនក្នុងភាពចលាចលកាលពីសប្ដាហ៍មុន៕
អត្ថបទ៖ សុខមាន