ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ការដើរជាន់មីនរបស់ទាហានសៀម ដែលបានបណ្តាលឲ្យដាច់ជើង និងរងរបួសមួយចំនួននោះ គឺជាទង្វើរៀបចំជាមុនពីសំណាក់ទាហានឈ្លានពានសៀម ដើម្បីយកលេសសធ្វើការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជា ខណៈសកម្មភាពនេះគឺជាទង្វើដ៏ឃោឃៅ ដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។
តាមរយៈក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការឈ្លានពានរបស់ចោរឈ្លានពានសៀម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ភាគីសៀមកាន់តែគឃ្លើន ដោយបានដាក់ពង្រាយកម្លាំងកងទ័ព វាយប្រហារមកលើកម្ពុជា កាន់តែខ្លាំងឡើងដោយមិនចាត់វិធានការ កាត់បន្ថយភាពតានតឹងណាមួយនោះឡើយ ហើយមួយវិញទៀតទាហានឈ្លានពានសៀមបានដាក់ខេត្តត្រាត ចន្ធាបុរី ដែលជាប់នឹងព្រំប្រទល់ខេត្តកោះកុង និងខេត្តពោធិសាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្តើមពង្រាយទ័ព សព្វាវុធ នៅតាមតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ ដែលបានរៀបចំទុកជាមុនផងដែរ។
លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា«ការត្រៀមកងទ័ពទាំងនេះគឺបានបង្ហាញឲ្យឃើញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានដែនអធិបតេយ្យភាព របស់កម្ពុជា កាន់តែខ្លាំងឡើងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ទាហានថៃ មកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលនៃការបង្កើតទុកជាមុន ដើម្បីយកលេសម្រាប់ពង្រីកយុទ្ធនាការឈ្លានពានលើទឹកដីកម្ពុជា»។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវអ្នកនាំពាក្យក៏បានអំពាវនាវដល់សហគមន៍ អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូពាក់ព័ន្ធអន្តរជាតិ ទាំងអស់ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានយ៉ាងកម្រោលរបស់ទាហានសៀមមកលើកម្ពុ ជានេះ។ កម្ពុជាក៏បានស្នើឲ្យអន្តរជាតិចាត់វិធានការជាបន្ទានផងដែរ ដើម្បីបង្ការនៃការដាក់ពង្រាយកងទ័ព បន្ថែមទៀតពីសំណាក់ទាហានឈ្លានពានសៀមវាយប្រហារមកលើកម្ពុជា ដោយធានាឲ្យថៃគោរពបូរណៈ ភាបទឹកដីកម្ពុជា និងទាមទារឲ្យទទួលការខុសត្រូវចំពោះការរំលោភបំពានទៅលើធម្មនុញ្ញអង្គការសហប្រ ជាជាតិ សន្ធិសញ្ញាក្រុងសឺណែវ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ានជាដើម។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលណាមួយនោះ ខណៈចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា កងទ័ពរួមទាំងជនស៊ីវិលកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងកិច្ចការ ពារដែនអធិបតេយ្យរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូរបស់ខ្លួន ដោយមិនងាក់រេទោះបីក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹង ផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕
អត្ថបទ ៖ បាន ចក់