អ៊ីរ៉ង់ និងប្រទេសមហាអំណាចនៅអឺរ៉ុប បានបើកការចរចា «ហ្មត់ចត់ ស្មោះត្រង់ និងលម្អិត» កាលពីថ្ងៃសុក្រ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ខណៈភាគីទាំងពីរព្យាយាមបញ្ចៀសការដាក់ទណ្ឌកម្មជាថ្មីរបស់អង្គការសហប្រជាជាតិ ដែលអាចត្រូវបានដាក់ឡើងវិញដោយស្វ័យប្រវត្តិនៅក្នុងខែតុលា។
កិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានបង្ហាញពីទំនាក់ទំនងដោយផ្ទាល់លើកដំបូងរវាងមន្ត្រីអ៊ីរ៉ង់ និងអ្នកការទូតប្រទេសលោកខាងលិច ចាប់តាំងពីការវាយប្រហារតាមអាកាសកាលពីខែមុនរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើប្ររទេសអ៊ីរ៉ង់។ វាមានរយៈពេលប្រហែល៤ម៉ោងនៅឯស្ថានកុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់ ហើយត្រូវបានចូលរួមដោយអ្នកតំណាងមកពីសហភាពអឺរ៉ុប និងក្រុមប្រទេសអឺរ៉ុបចំនួន៣ មាន បារាំង អង់គ្លេស និងអាល្លឺម៉ង់។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ភាគីទាំងពីរបានបង្ហាញគំនិតជាក់លាក់ទាក់ទងនឹងការត្រួតពិនិត្យនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម។
លោកបាននិយាយថា «ខណៈមានការរិះគន់យ៉ាងខ្លាំងអំពីជំហរទាក់ទងនឹងសង្គ្រាមឈ្លានពាននាពេលថ្មីៗនេះប្រឆាំងនឹងប្រជាជនរបស់យើង យើងបានពន្យល់ពីគោលជំហរជាគោលការណ៍របស់យើង រួមទាំងនៅលើអ្វីដែលគេហៅថាយន្តការដាក់ឲ្យអនុវត្តឡើងវិញ»។ «វាត្រូវបានព្រមព្រៀងថា ការពិភាក្សាលើបញ្ហានេះ នឹងបន្ត»។
