នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទំនងជានឹងបោះបង់ការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មួយថ្ងៃបន្ទាប់ពីដកគណៈប្រតិភូចេញពីកិច្ចចរចា។
លោក Netanyahu បាននិយាយថា អ៊ីស្រាអែល នៅពេលនេះកំពុងពិចារណា«ជម្រើស» ដើម្បីសម្រេចបាននូវគោលដៅក្នុងការនាំយកចំណាប់ខ្មាំងរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា និងបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅលើដែនដីនេះ។ លោក Trump បាននិយាយថាក្រុមហាម៉ាស មិនចង់ចុះកិច្ចព្រមព្រៀងទេ ហើយលោកជឿថា មេដឹកនាំក្រុមនេះនឹងត្រូវបាន «តាមប្រមាញ់»។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ក្រុមហាម៉ាស ពិតជាមិនចង់ចុះកិច្ចព្រមព្រៀងទេ។ ខ្ញុំគិតថាពួកគេចង់ស្លាប់ ហើយវារឿងដ៏អាក្រក់។ វាឈានដល់ចំណុចមួយដែលអ្នកនឹងត្រូវបញ្ចប់ការងារនេះ»។
ការថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍កាលពីពេលយប់ដោយបេសកជនអាមេរិក លោក Steve Witkoff ដែលបាននិយាយថា ក្រុមហាម៉ាសត្រូវដាក់កំហុសចំពោះភាពជាប់គាំងក្នុងការចរចាបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។ លោក Netanyahu បាននិយាយថា លោក Witkoff ធ្វើត្រូវ ហើយក្រុមហាម៉ាស គឺជាឧបសគ្គចំពោះកិច្ចព្រមព្រៀង។
