ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុល ដោយសារជនសង្ស័យជំពាក់លុយ ជនរងគ្រោះប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌកំបូល កាលពីឆ្នាំ២០២០ ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសហើយ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
សវនាការដឹកនាំដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជា តំណាងអយ្យការ ។
ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុកនិងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តកាលពីឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។
ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយសារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះឈ្មោះ នៅ ចំណាន ទាំងដើមទាំងការប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្តោះតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់ ។
ដោយសារមានចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់អោយនៅដដែល ហើយស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់ ។ក្រុមប្រឹក្សាជំនុំជំរះបានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដើម្បីប្រកាសសាលក្រម ។
ក្នុងរឿងក្ដីឃាតកម្មនេះ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនឃាតកឈ្មោះ សុខ ហេងសំបូរ ដែលជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងឈ្មោះ ផេង ស៊ីថុល ជាម្ចាស់កាំភ្លើងប្រព្រឹត្តអំពើឃាតកម្ម ។
នៅក្នុងតំណាក់កាលសើបសួរបឋម តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ សុខ ហេងសំបូរ ពីបទឃាតកម្ម និងរក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ។ ចំណែកឈ្មោះ ផេង ស៊ីថុល ត្រូវបានចោទពីបទសមគំនិត តែក្នុងនីតិវិធីស៊ើបសួររបស់លោកចៅក្រម កី ម៉ាណេរ៉ា តុលាការបានដោះលែងឈ្មោះ ផេង ស៊ីថុល អោយនៅក្រៅឃុំ ទើបពេលកាត់ទោសមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ ៕




