ការបំផ្ទុះដ៏ខ្លាំងមួយនៅព្រឹកថ្ងៃសៅរ៍ បានធ្វើឲ្យខូចខាតអគារផ្ទះល្វែងមួយ នៅជាយក្រុងនៃទីក្រុងធំទី២ Thessaloniki របស់ប្រទេសក្រិក ដោយបានបណ្តាលឲ្យអ្នកធ្វើដំណើរឆ្លងកាត់ ពីរនាក់ រងរបួស និង បង្អួចនៃអគារនៅក្បែរនោះខ្ទាត់រប៉ាត់រប៉ាយ។

ទូរទស្សន៍សាធារណៈ ERT បានរាយការណ៍ថា រថយន្តចំនួន ៦ គ្រឿង ក៏ត្រូវបានខូចខាតផងដែរ នៅក្នុងការផ្ទុះ នៅជាយក្រុង Sikies ហើយនគរបាលប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។
ការបំផ្ទុះនេះ បានបំផ្លាញជាន់ផ្ទាល់ដីនៃអគារ ដែលបានបណ្តាលឲ្យមានប្រហោងជាច្រើននៅលើជញ្ជាំង។ យោងតាមនគរបាលបានឲ្យដឹងថា ប្រធានសហជីពមន្ត្រីពន្ធនាគារ រស់នៅក្នុងអគារនោះ។
ប្រភពពីនគរបាល បានប្រាប់សារព័ត៌មាន AFP ថា បុរសវ័យក្មេងម្នាក់ និងស្ត្រីដែលឆ្លងកាត់ ក្នុងអំឡុងពេលបំផ្ទុះនោះ បានរងរបួសដោយសារអំបែងកញ្ចក់។
កាលពីខែឧសភា ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការប្លន់ បានស្លាប់ បន្ទាប់ពីការផ្ទុះមួយ នៅមុខធនាគារក្នុងក្រុង Thessaloniki។
