ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨នាក់ គឺ ជនស៊ីវិល ៥នាក់ និងអ្នកវាយប្រហារ ៣នាក់ ត្រូវបានសម្លាប់ និង១៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅព្រឹកថ្ងៃសៅរ៍នេះ ទៅលើអគារនៃក្រសួងយុត្តិធម៌ ក្នុងទីក្រុង Zahedan ភាគអាគ្នេយ៍នៃរដ្ឋធានី Sistan និងខេត្ត Baluchestan របស់អ៊ីរ៉ង់។
របាយការណ៍បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុម Jaish al-Zulm ដែលត្រូវបានអ៊ីរ៉ង់ចាត់ទុកថា ជាក្រុមភេរវករ។
របាយការណ៍ បានបន្ថែមថា នៅពេលចូលទៅក្នុងបរិវេណរបស់ក្រសួងយុត្តិធម៌ «ក្រុមភេរវករ» បានបើកការបាញ់ប្រហារទៅលើប្រជាជននៅទីនោះ ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត។
អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ថា កងកម្លាំងជើងគោករបស់ខ្លួន បាន សម្លាប់ «ភេរវករបីនាក់»។