ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តស៊ុយអែត Mattias Ekstrom បានប្រជែងឈ្នះដំណាក់កាលទី៨ នៃការប្រកួតប្រណាំងយានយន្ត Dakar Rally ថ្ងៃចន្ទម្សិលមិញ ខណៈ Nasser Al-Attiyah បន្តនាំមុខរួមដដែល។

ដំណាក់កាលទី៨ ដែលមានចំងាយផ្លូវ ៣៩៥គីឡូម៉ែត្រកីឡាករដែលបើកបររថយន្ត Audi, Mattias Ekstrom បានមកដល់ទីចំណាយពេល ៣ម៉ោង ៤២នាទី ២១វិនាទីតាមពីក្រោយដោយកីឡាករបារាំង Stephane Peterhansel យឺតជាង ៤៩វិនាទី និងលេខ៣ កីឡាករបារាំងមួយរូបទៀត Sebastien Loeb យឺតជាង ៣នាទី ៨វិនាទី។ ក្រោយ ៨ដំណាក់កាលផ្នែករថយន្តនេះកីឡាករដែលបើកបររថយន្តតូយ៉ូតា Nasser Al-Attiyah នៅតែបន្តនាំមុខរួមដដែលដោយមានវេលាចំណេញល្អជាងអ្នកលេខ២ Sebastien Loeb ជាងកន្លះម៉ោង និងលេខ៣ កីឡាករម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត Yazeed Al-Rajhi យឺតជាងជិតមួយម៉ោង។
ងាកមកការប្រកួតផ្នែកម៉ូតូវិញកីឡាករបារាំង Alexandre Giroud បានយកឈ្នះដំណាក់កាលទី៨ នេះ និងឡើងមកនាំមុខគេដែរក្នុងតារាងវេលារួម។ សំរាប់ដំណាក់កាលទី៩ ថ្ងៃនេះមានចំងាយផ្លូវ ២៨៧គីឡូម៉ែត្រ ខណៈការប្រកួតនឹងបញ្ចប់នៅថ្ងៃសុក្រនេះហើយត្រឹមដំណាក់កាលទី១២ នៅរដ្ឋធានី Jeddah៕
អត្ថបទ៖នាង សុភាវុធ