ក្រសួងការបរទេសកូឡុំប៊ី បានរិះគន់អេក្វាឌ័រ សម្រាប់ការនិរទេសពលរដ្ឋកូឡុំប៊ីទ្រង់ទ្រាយធំដោយគ្មានពិធីសារផ្លូវការ ដោយចាត់ទុកវាថាជា “ទង្វើគ្មានមេត្រីភាព” ស្របពេលដែលទីក្រុង Quito និយាយថា ការនិរទេសនេះធ្វើឡើង បន្ទាប់ពីនីតិវិធីស្របច្បាប់ និងអនុវត្តតាមស្តង់ដាសិទ្ធិមនុស្ស ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ រដ្ឋាភិបាលកូឡុំប៊ី បានរាយការណ៍ថា ក្រុមអាជ្ញាធរនៅប្រទេសជិតខាងអេក្វាឌ័រ បានប្រកាសផែនការនិរទេសពលរដ្ឋកូឡុំប៊ី ដែលជាប់ឃុំនៅតាមពន្ធនាគារជាច្រើនកន្លែងនៅប្រទេសអេក្វាឌ័រ ។

ក្រសួងការបរទេសកូឡុំប៊ី និយាយថា តាមរយៈបណ្តាញការទូត កូឡុំប៊ីសូមដាក់ការតវ៉ាផ្លូវការខ្លាំងបំផុតប្រឆាំងនឹងរដ្ឋាភិបាលអេក្វាឌ័រ សម្រាប់ទង្វើគ្មានមេត្រីភាព ហើយបច្ចុប្បន្នពួកគេកំពុងវាយតម្លៃលើវិធានការឆ្លើយតបដ៏ត្រឹមត្រូវ ។
ក្រសួងបានធ្វើការសង្កត់ធ្ងន់ថា អេក្វាឌ័រ បានចាត់វិធានការនេះ ដោយពុំបានអនុវត្តតាមពិធីសារត្រឹមត្រូវ ដើម្បីធានាដល់សុវត្ថិភាព សណ្តាប់ធ្លាប់ ស្របតាមសិទ្ធិមនុស្ស ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអេក្វាឌ័រ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានជូនដំណឹងទៅកាន់កូឡុំប៊ី តាមរយៈបណ្តាញការទូត ពីនីតិវិធីនិរទេសខ្លួនពលរដ្ឋកូឡុំប៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែកក្កដា ហើយដំណើរការនេះ ធ្វើឡើងតាមក្របខណ័្ឌច្បាប់របស់អេក្វាឌ័រ ។
លោក Amilcar Pantoja គឺជាអភិបាលក្រុងព្រំដែន Ipiales របស់កូឡុំប៊ី បញ្ជាក់ថា អ្នកជាប់ឃុំកូឡុំប៊ីប្រហែល ៧០០នាក់ ត្រូវបានបញ្ជូនឆ្លងកាត់ស្ពានព្រំដែន ដោយពុំបានជូនដណឹងជាផ្លូវការនោះទេ ៕
