សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងបានប្រារព្ធខួបបទឈប់បាញ់សង្រ្គាមកូរ៉េ ។
នៅក្នុងរូបភាពវីដេអូឃ្លីបផ្តល់ជូនដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ឃើញសិស្សសាលាកូរ៉េខាងជើង នាំគ្នារាំរែក ពេលដែលការបាញ់កាំជ្រួចផ្កាភ្ញី បានធ្វើឡើងនៅលើទីលានចតុរង្គ Kim Il Sung ។
នៅក្នុងវីដេអូនេះដែរ ឃើញមានទស្សនិកជនបរទេសមើលការសម្តែង ដោយពួកគេនាំគ្នាកាន់ទូរស័ព្ទដៃថត ។
គួរឲ្យដឹងថា កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក និងចិននៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំជាមួយកូរ៉េខាងត្បូង ។ ឧត្តមសេនីយអាមេរិក បានចុះកិច្ចព្រមព្រៀងតំណាងកងកម្លាំងអង្គការសហប្រជាជាតិដែលគាំទ្រកូរ៉េខាងត្បូង ។
កូរ៉េខាងជើងចាត់ទុកថ្ងៃទី ២៧ ខែកក្កដាថាជា “ទិវាជ័យជំនះ” បើទោះបីជាបទឈប់បាញ់នាំឲ្យមានការបែងចែកឧបទ្វីបកូរ៉េក៏ដោយ ។ ដោយឡែក កូរ៉េខាងត្បូង ពុំបានប្រារព្ធទិវាមួយនេះឡើយ ៕