ភ្នំពេញ៖ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមករាឆ្នាំ២០២២ នៅក្នុងសណ្ឋាគារសុខាបូកគោ ខេត្តកំពត ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកផែនការសម្រាប់អនុវត្តឆ្នាំ២០២២ ។
ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបញ្ជាក់ជូនថា ក្រោយការអាក់ខានជួបប្រជុំផ្ទាល់មួយរយៈធំ ដោយបញ្ហាកូវីដ ក្រុមមេធាវីបានជ្រើសរើសរកទីតាំងណាដែលធំទូលាយ និងមានបរិយាកាសល្អ ដើម្បីជួបប្រជុំពិភាក្សាផ្ទាល់ ។ ការជួបប្រជុំលើកនេះផ្តោតជាសំខាន់លើការប្រមូលមតិ និងព័ត៌មានពិតអំពីបញ្ហាប្រឈមនានាក្នុងដំណើរការនីតិវិធី ជួបពិគ្រោះផ្តល់យោបល់ និងការពារសិទ្ធិតាមផ្លូវច្បាប់ ស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពទន់ខ្សោយ តាមការណែនាំដ៏ខ្ពង់ខ្ពស់ និងការគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។
ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាស្វែងរកមធ្យោបាយជាគន្លឹះ ក្នុងគោលបំណងការពារឲ្យមានយុត្តិធម៌ស្មើភាព និងរួមចំណែកកែទម្រង់ លើកកំពស់វិស័យយុត្តិធម៌ ឲ្យបានប្រសើរឡើងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយើង ។
សូមបញ្ជាក់ជូនថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានចំនួនសរុប ១៣៧រូប ដោយរាយតាមគ្រប់បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ។ ក្រុមមេធាវីស្ម័គ្រចិត្តនេះ ត្រូវបានផ្តួចផ្តើមបង្កើត ដោយប្រើប្រាស់ថវិកាផ្ទាល់របស់សម្តេចតេជោសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ។
បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កំពុងតែទទួលបាននូវការគាំទ្រ និងផ្តល់ជំនឿជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការរំលោភបំពាន និងទទួលរងនូវអំពើអយុត្តិធម៌៕







