ទូរទស្សន៍អេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៦ កក្កដា) ថា យ៉ាងហោចណាស់មានកុមារចំនួន ៥៤នាក់ និងមនុស្សពេញវ័យប្រហែល ៣០នាក់ បានហែលទឹកពីប្រទេសម៉ារ៉ុក តម្រង់ទៅកាន់តំបន់ Ceuta នៃទ្វីបអាហ្រ្វិកខាងជើងរបស់ប្រទេសអេស្ប៉ាញ តាមសមុទ្រដែលមានរលកធំៗយ៉ាងលំបាក គ្រោះថ្នាក់ និងពោរពេញទៅដោយផ្សែងអ័ព្ទ។
វីដេអូនៅលើប៉ុស្តិ៍ទូរទស្សន៍អេស្ប៉ាញ RTVE បានបង្ហាញថា កងឆ្មាំស៊ីវិលបានចេញប្រតិបត្តិការប៉ុនប៉ងជួយសង្គ្រោះម្តងហើយម្តងទៀត ដើម្បីនាំយកអ្នកហែលទឹកមួយចំនួនទៅកាន់ទីសុវត្ថិភាព ខណៈអ្នកផ្សេងទៀតបានហែលឆ្លងពីសមុទ្រទៅកាន់តំបន់នោះ។

ក្មេងៗដែលភាគច្រើនជាជនជាតិម៉ារ៉ុកទាំងនោះ ត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលស្នាក់បណ្ដោះអាសន្ននៅតំបន់ Ceuta ជាទីដែលអាជ្ញាធរអំពាវនាវរកជំនួយពីរដ្ឋាភិបាលកណ្តាល ក្នុងការដោះស្រាយជាមួយនឹងចំនួនជនអន្តោប្រវេសន៍មកដល់យ៉ាងច្រើនចុងក្រោយនេះ។
គួរឱ្យដឹងថា អេស្ប៉ាញ មានតំបន់ចំនួនពីរនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេចម្ងាយជាច្រើនគីឡូម៉ែត្រជាប់ប្រទេសម៉ារ៉ុក ពោលគឺ Ceuta និង Melilla ដែលចែករំលែកព្រំប្រទល់ដីគោកតែមួយគត់របស់សមាជិកសហភាពអឺរ៉ុបមួយនេះ ជាមួយទ្វីបអាហ្វ្រិក។ តំបន់នេះបានជួបប្រទះរលកជាបន្តបន្ទាប់នៃការប៉ុនប៉ងចូលទៅកាន់ទីនោះដោយជនអន្តោប្រវេសន៍ ដែលព្យាយាមទៅដល់ទឹកដីអឺរ៉ុប៕


