បាល់ទាត់៖ បន្ទាប់ពីប្រកួតបើករដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ស្មើក្រុមកងយោធពលខេមភូមិន្ទកាលពីថ្ងៃទី០៧-មីនាកន្លងទៅ នៅថ្ងៃបន្ទាប់ក្លិបវិសាខាបានធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់របស់ខ្លួនសរុបចំនួន ១៦៦នាក់នៅកីឡដ្ឋានព្រីនស៍ ខណៈលទ្ធផលគឺអវិជ្ជមានទាំងអស់។
វិសាខាបានបញ្ជាក់ថា ការធ្វើតេស្ដសំណាកដល់កីឡាករ និងបុគ្គលិកទាំងអស់នេះ បន្ទាប់ពីរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ធ្លាប់មានប្រវត្តិមកកីឡដ្ឋានព្រីនស៍កាលពីពេលកន្លងទៅ ប៉ុន្ដែជាលទ្ធផលធ្វើតេស្ដលើកទី១ នៅថ្ងៃទី០៩ ខែមីនា ដែលផ្ដល់ដោយមន្ទីរពិសោធន៍ នៃក្រសួងសុខាភិបាលគឺអវិជ្ជមានទាំង ១៦៦នាក់។ យ៉ាងណាមិញក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ នៅតែបន្ដអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាលក្នុងការធ្វើចត្ដាឡីស័ក រស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ មិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗ ដើម្បីរង់ចាំការធ្វើតេស្ដសំណាកលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ខាងមុខ។ ទន្ទឹមជាមួយគ្នាក្លិបបានអរគុណ ចំពោះស្មារតីចូលរួមរបស់កីឡាករ និងបុគ្គលិកទាំងអស់ដែលបានចូលរួមធ្វើតេស្ដសំណាកលើកទី១ ហើយក្លិបសង្ឃឹមយ៉ាងមុតមាំថា ពួកនឹងបន្ដគោរពតាមវិធានការក្រសួងសុខាភិបាល ពិសេសសូមរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ដិជាដើម រហូតដល់ថ្ងៃធ្វើតេស្ដសំណាកលើកទី២ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ឆ្លៀតឱកាសនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ វិសាខាក៏បានអំពាវនាវដល់បងប្អូនអ្នកគាំទ្រ និងប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដរស់នៅតាមគន្លងថ្មី ដោយគោរពឲ្យបានដាច់ខាតតាមវិធានការក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំ ហើយបើគ្មានភារកិច្ចចាំបាច់ សូមនៅផ្ទះកុំចេញក្រៅទៀតផង។ គួរបញ្ជាក់ថា បន្ទាប់ពីមានព័ត៌មានមានអ្នកឆ្លងជំងឺកូវីដ-១៩ ធ្លាប់ទៅដល់កីឡដ្ឋានព្រីនស៍ ដែលជាទឹកដីរបស់ក្រុមវិសាខា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏បានសម្រេចលើកការប្រកួតសប្ដាហ៍ទី២ របស់ក្រុមវិសាខា ដែលគ្រោងជួបក្រុមនគរបាលជាតិនាថ្ងៃទី១៣ ខែមីនាចុងសប្ដាហ៍នេះទៅប្រកួតនៅថ្ងៃទី២០ ខែមេសាវិញ ហើយការប្រកួតរវាងក្រុមកងយោធពលខេមរភូមិន្ទ ជាមួយក្រុមណាហ្គាវើលដ៏ ក៏ត្រូវបានលើកទៅប្រកួតនៅថ្ងៃជាមួយគ្នានោះដែរ៕ អត្ថបទ៖ លី ឈុនឡា
