សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី បារាំង អៀរឡង់ ជប៉ុន និងចក្រភពអង់គ្លេសដោយរួមគ្នានៅក្នុងការថ្កោលទោស ចំពោះការសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យលើកទី២ របស់ប្រទេសកូរ៉េខាងជើង។

ប្រទេសទាំង ៥ បានស្នើឱ្យស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិ រៀបចំការពិគ្រោះយោបល់លើការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ប្រទេសកូរ៉េខាងជើង និងការមិនរីកសាយសំរាប់ឧបទ្វីបកូរ៉េ។ លោកស្រី Linda Thomas-Greenfield បានអានសេចក្តីថ្លែងការណ៍រួមដោយបានចាត់ទុកការបាញ់មីស៊ីលផ្លោងកាលពីថ្ងៃទី៥ ខែមករារបស់ប្រទេសកូរ៉េខាងជើងថា ជាការបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ លោកស្រី Thomas-Greenfield និយាយថា សកម្មភាពទាំងនេះបង្កើនហានិភ័យ និងកើនឡើងការបង្កការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ ការបាញ់បង្ហោះមីស៊ីលថ្មីបំផុត ជាការសាកល្បងអាវុធដែលគេស្គាល់ជាលើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលប្រហែល ២ខែបង្ហាញថា ប្រទេសនេះនឹងបន្តទៅមុខជាមួយនឹងផែនការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ជាជាងត្រលប់ទៅរកការចរចាររំសាយសព្វាវុធ។
លោកស្រី Thomas-Greenfield បាននិយាយថា យើងអំពាវនាវឱ្យប្រទេសកូរ៉េខាងជើងបដិសេធពីសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត បោះបង់កម្មវិធីមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់របស់ខ្លួន ហើយចូលរួមក្នុងការសន្ទនាឆ្ពោះទៅរកគោលដៅរួមនៃការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ អាវុធល្បឿនលឿនជាងសំឡេងដែលហោះហើរក្នុងល្បឿន ៥ដងនៃល្បឿនសំឡេងអាចបង្កបញ្ហាប្រឈមសំខាន់ ចំពោះប្រព័ន្ធការពារមីស៊ីលដោយសារតែល្បឿន និងភាពបត់បែនរបស់វា៕
អត្ថបទ៖ ប៊ុនថន