ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃអាទិត្យ (២៧ កក្កដា) នេះដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា រុស្ស៊ី ជាភាគីចូលចិត្តប្រើប្រាស់មធ្យោបាយនយោបាយ និងការទូតដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ និងលោកខាងលិចទេដែលជាអ្នកច្រានចោលផ្លូវទាំងនោះ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS លោក Peskov បាននិយាយថា "ផ្លូវដែលទីក្រុងមូស្គូពេញចិត្តគឺតាមរយៈមធ្យោបាយនយោបាយ និងការទូត"។ លោក Peskov បានបន្ថែមដោយមិនផ្តល់ភស្តុតាងច្បាស់លាស់ថា រុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ដោយសារតែ "រាល់សំណើសម្រាប់កិច្ចសន្ទនានានាត្រូវបានច្រានចោល ទាំងដោយអ៊ុយក្រែន និងដោយក្រុមប្រទេសលោកខាងលិច"។
ការអត្ថាធិប្បាយនេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចចរចាសន្តិភាពដោយផ្ទាល់ជុំទី៣ កាលពីថ្ងៃពុធសប្ដាហ៍នេះនៅទួរគី រវាងភាគីជម្លោះទាំងពីរ ដោយមើលឃើញ រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកបន្ថែម ប៉ុន្តែហាក់ដូចជារីកចម្រើនតិចតួចណាស់លើលក្ខខណ្ឌបទឈប់បាញ់ ឬលទ្ធភាពនៃកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីរុស្ស៊ី-អ៊ុយក្រែន ដោយកិច្ចប្រជុំលើកទីបីនេះបានប្រព្រឹត្តតិចជាងមួយម៉ោងប៉ុណ្ណោះ ហើយក៏បញ្ចប់ដោយពុំមានការទម្លាយភាពជាប់គាំងធំដុំអ្វីឡើយ៕

