ប្រទេសរុស្ស៊ី ត្រៀមបើកជើងហោះហើរដឹកអ្នកដំណើរត្រង់ពីទិសដៅទីក្រុងមូស្គូ ទៅកាន់រដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ២៧ កក្កដា នេះ ខណៈអតីតសម្ព័ន្ធមិត្តប្លុកកុម្មុយនិស្តទាំងពីរបន្តចាត់វិធានការពង្រឹងទំនាក់ទំនងកាន់តែជ្រៅ បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ការចាប់ផ្តើមនៃជើងហោះហើរទៀងទាត់រវាងរដ្ឋធានីទាំងពីរនេះ គឺជាលើកដំបូងហើយចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០មក នេះបើតាមប្លុកអាកាសចររុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមឡើងវិញនៃសេវាកម្មរថភ្លើងដឹកអ្នកដំណើរមូស្គូ-ព្យុងយ៉ាង ដែលជាការធ្វើដំណើររយៈពេល ១០ថ្ងៃ ក្នុងខែមិថុនា។ តារាងពេលវេលាធ្វើដំណើររបស់ព្រលានយន្តហោះបង្ហាញថា ជើងហោះហើរដំបូងនឹងចាកចេញពីអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ នៅម៉ោងក្នុងស្រុក ៧យប់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ការហោះហើររយៈពេល ៨ម៉ោងនេះ នឹងដំណើរការដោយយន្តហោះប៊ូអ៊ីងប្រភេទ 777-200ER ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៤៤០នាក់។ RIA និយាយថា សំបុត្រយន្តហោះចាប់ផ្តើមនៅតម្លៃ ៤៤.៧០០រូប្លិ៍ (ពោលគឺ ៥៦៣ដុល្លារអាមេរិក) ហើយសំបុត្រជើងហោះហើរដំបូងបានលក់អស់យ៉ាងឆាប់រហ័ស។
អាជ្ញាធរអាកាសចរស៊ីវិលរុស្ស៊ី Rosaviatsia បានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Nordwind ដំណើរការជើងហោះហើររវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ពីរដងក្នុងមួយសប្តាហ៍។ គួរឱ្យដឹងថា ផ្លូវហោះហើរត្រង់តែមួយគត់រវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo ទៅទីក្រុង Vladivostok តំបន់ចុងបូព៌ា របស់រុស្ស៊ី បីដងក្នុងមួយសប្តាហ៍៕
