ប្រជាជនប៉ាឡេស្ទីននៅជិតក្រុង Beit Lahiya ក្នុងភាគខាងជើងនៃដែនដីហ្កាហ្សា បាននិយាយនៅថ្ងៃអាទិត្យ (២៧ កក្កដា) នេះថា ពួកគេចង់ឱ្យការចែកចាយជំនួយត្រូវបានអនុវត្តតាមវិធី "ស្របច្បាប់" ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញជាបន្ទាន់ ខណៈពេលកំពុងរង់ចាំលំហូរផ្គត់ផ្គង់ជំនួយចូលក្នុងទឹកដីដ៏ស្រេកឃ្លាននេះ ក្រោយការប្រកាសរបស់អ៊ីស្រាអែល ក្នុងការបន្តការទម្លាក់ស្បៀងអាហារពីលើអាកាស និងការផ្អាកសកម្មភាពយោធាចំនួន ៣ទីតាំងនៅហ្កាហ្សា។
អ្នកស្រុកប៉ាឡេស្ទីនបាននិយាយថា ពួកគេទាមទារឱ្យមានបទឈប់បាញ់ពេញលេញ និងទាំងស្រុងដើម្បីអ្នកគ្រប់គ្នានៅទីនោះអាចរស់រានបាន បន្ទាប់ពីមានការបំផ្លិចបំផ្លាញដ៏អាក្រក់ ផ្ទះសម្បែងត្រូវខ្ទេចខ្ទី ក្រុមគ្រួសារហ្កាហ្សាត្រូវព្រាត់ប្រាស់គ្នា ហើយជីវិតប្រចាំថ្ងៃ សុខភាព និងគ្រប់យ៉ាងត្រូវបំផ្លាញអស់ដោយសារតែសង្រ្គាមដ៏រ៉ាំរ៉ៃនេះ។

យោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃអាទិត្យដដែលនេះ អំពីការផ្អាកជាប្រចាំថ្ងៃនៃប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ពោលនៅតំបន់ក្រុង Al-Mawasi, Deir al-Balah, និង Gaza City ចាប់ពីម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ដល់ម៉ោង ៨យប់ ចាប់ពីថ្ងៃអាទិត្យនេះតទៅ រហូតដល់ការជូនដំណឹងបន្ថែម និងការបង្កើតច្រករបៀងជំនួយថ្មី បន្ទាប់ពីសម្ពាធអន្តរជាតិជាច្រើនខែ ជុំវិញវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់ដ៏រីករាលដាលនៅក្នុងតំបន់ប៉ាឡេស្ទីន។
ទូរទស្សន៍ Al Qahera News TV ដែលមានទំនាក់ទំនងជាមួយរដ្ឋអេហ្ស៊ីប និយាយនៅថ្ងៃអាទិត្យថា រថយន្តដឹកជំនួយចាប់ផ្តើមឆ្ពោះទៅកាន់ហ្កាហ្សា ពីអេហ្ស៊ីប។ ចំណែកអ៊ីស្រាអែលក៏និយាយថា ខ្លួនបានចាប់ផ្តើមទម្លាក់ជំនួយពីលើអាកាសទៅកាន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ហើយកំពុងចាត់វិធានការផ្សេងទៀតដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅដែនដីដ៏តូចចង្អៀតមួយនេះ៕

