ក្រុមប្រជាបាតុករនៅក្នុងប្រទេសឥណ្ឌូនេស៊ី រាប់រយនាក់បានដើរដង្ហែរក្បួន និងប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិក ក្នុងថ្ងៃអាទិត្យ (២៧ កក្កដា) នេះ ដើម្បីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេអំពីវិបត្តិអត់ឃ្លានកាន់តែអាក្រក់ឡើងសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅដែនដីហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម។
ការតវ៉ាដោយសន្តិវិធីនេះមានមនុស្សចូលរួមច្រើនកុះករដោយគ្រវីទង់ជាតិប៉ាឡេស្ទីន ខណៈក្រុមបាតុករបានស្រែកតវ៉ា និងគោះរបរប្រើប្រាស់ក្នុងផ្ទះ ដូចជាឆ្នាំង និងខ្ទះជាដើម។ អ្នកតវ៉ាម្នាក់ក្នុងចំណោមនោះបានអំពាវនាវឱ្យមានជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ហ្កាហ្សាជាបន្ទាន់ និងកាន់តែច្រើន ហើយក៏អំពាវនាវឱ្យមានសម្ពាធនយោបាយបន្ថែមទៀត។
បាតុកម្មនេះកើតឡើងស្របពេលយោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃអាទិត្យដដែលនេះពីការផ្អាកប្រចាំថ្ងៃនៃប្រតិបត្តិការយោធារបស់ខ្លួនក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងការបង្កើតច្រករបៀងជំនួយថ្មី បន្ទាប់ពីសម្ពាធអន្តរជាតិជាច្រើនខែ ជុំវិញវិបត្តិភាពអត់ឃ្លានកាន់តែអាក្រក់រីករាលដាលនៅក្នុងតំបន់ប៉ាឡេស្ទីននេះ។
កាលពីចុងខែសភា អង្គការសហប្រជាជាតិព្រមានថា ហ្កាហ្សាគឺជា "កន្លែងស្រេកឃ្លានបំផុតលើផែនដីនេះ" ហើយប្រជាជនទាំងមូលរបស់ខ្លួនប្រឈមនឹងគ្រោះទុរ្ភិក្ស ខណៈពលរដ្ឋប៉ាឡេស្ទីន ដែលអស់សង្ឃឹម បន្តរងការបាញ់សម្លាប់ពេលស្វែងេកអាហារ ជួបភាពអត់ឃ្លាន និងបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ៕